14 ពេលនោះ ទេវតាដែលនិយាយជាមួយខ្ញុំពោលមកខ្ញុំថា៖ «ចូរប្រកាសដូចតទៅ: ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា យើងស្រឡាញ់ក្រុងយេរូសាឡឹម និងភ្នំស៊ីយ៉ូនពន់ពេកណាស់
15 តែយើងក្រេវក្រោធយ៉ាងខ្លាំងទាស់នឹងប្រជាជាតិនានា ដែលអាងលើកម្លាំងខ្លួនឯង។ ពេលយើងក្រេវក្រោធនឹងអ៊ីស្រាអែលតែបន្តិច ប្រជាជាតិទាំងនោះបែរជានាំគ្នាធ្វើបាបជនជាតិអ៊ីស្រាអែលយ៉ាងសែនវេទនា»។
16 ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងវិលមកក្រុងយេរូសាឡឹមវិញ ដោយចិត្តអាណិតអាសូរ។ ដំណាក់របស់យើងនឹងត្រូវសង់ឡើងវិញ ហើយគេនឹងយកខ្សែរង្វាស់មកវាស់ក្រុងយេរូសាឡឹម ដើម្បីជួសជុលឡើងវិញដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
17 ចូរប្រកាសទៀតថា «ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅនេះ: ក្រុងនានារបស់យើងនឹងមានភោគទ្រព្យហូរហៀរឡើងវិញ។ យើងនឹងសម្រាលទុក្ខក្រុងស៊ីយ៉ូនសាជាថ្មី ហើយយើងជ្រើសរើសក្រុងយេរូសាឡឹមដូចពីមុន»។
18 ខ្ញុំក្រឡេកមើលទៅ ខ្ញុំនិមិត្តឃើញស្នែងបួន។
19 ខ្ញុំក៏សួរទេវតាដែលនិយាយជាមួយខ្ញុំថា៖ «តើស្នែងទាំងបួននោះជាតំណាងអ្វី?»។ ទេវតាតបមកខ្ញុំថា៖ «ស្នែងទាំងនោះជាតំណាងប្រជាជាតិដែលបានកំចាត់កំចាយអ្នកស្រុកយូដា អ្នកស្រុកអ៊ីស្រាអែល និងអ្នកក្រុងយេរូសាឡឹម»។
20 បន្ទាប់មក ព្រះអម្ចាស់ប្រទានឲ្យខ្ញុំឃើញជាងដែកបួននាក់។