15 តែយើងក្រេវក្រោធយ៉ាងខ្លាំងទាស់នឹងប្រជាជាតិនានា ដែលអាងលើកម្លាំងខ្លួនឯង។ ពេលយើងក្រេវក្រោធនឹងអ៊ីស្រាអែលតែបន្តិច ប្រជាជាតិទាំងនោះបែរជានាំគ្នាធ្វើបាបជនជាតិអ៊ីស្រាអែលយ៉ាងសែនវេទនា»។
16 ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងវិលមកក្រុងយេរូសាឡឹមវិញ ដោយចិត្តអាណិតអាសូរ។ ដំណាក់របស់យើងនឹងត្រូវសង់ឡើងវិញ ហើយគេនឹងយកខ្សែរង្វាស់មកវាស់ក្រុងយេរូសាឡឹម ដើម្បីជួសជុលឡើងវិញដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
17 ចូរប្រកាសទៀតថា «ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅនេះ: ក្រុងនានារបស់យើងនឹងមានភោគទ្រព្យហូរហៀរឡើងវិញ។ យើងនឹងសម្រាលទុក្ខក្រុងស៊ីយ៉ូនសាជាថ្មី ហើយយើងជ្រើសរើសក្រុងយេរូសាឡឹមដូចពីមុន»។
18 ខ្ញុំក្រឡេកមើលទៅ ខ្ញុំនិមិត្តឃើញស្នែងបួន។
19 ខ្ញុំក៏សួរទេវតាដែលនិយាយជាមួយខ្ញុំថា៖ «តើស្នែងទាំងបួននោះជាតំណាងអ្វី?»។ ទេវតាតបមកខ្ញុំថា៖ «ស្នែងទាំងនោះជាតំណាងប្រជាជាតិដែលបានកំចាត់កំចាយអ្នកស្រុកយូដា អ្នកស្រុកអ៊ីស្រាអែល និងអ្នកក្រុងយេរូសាឡឹម»។
20 បន្ទាប់មក ព្រះអម្ចាស់ប្រទានឲ្យខ្ញុំឃើញជាងដែកបួននាក់។
21 ខ្ញុំសួរថា៖ «តើអ្នកទាំងនេះមកធ្វើអ្វី?»។ ព្រះអង្គពន្យល់ប្រាប់ខ្ញុំថា៖ «ស្នែងទាំងបួនបានកំចាត់កំចាយអ្នកស្រុកយូដា គ្មាននរណាអាចតទល់នឹងពួកគេបានឡើយ។ ប៉ុន្តែ ជាងដែកទាំងបួននាក់នាំគ្នាមក ដើម្បីបំភ័យ និងកម្ទេចស្នែងនៃប្រជាជាតិទាំងបួនដែលបានប្រើកម្លាំងវាយស្រុកយូដា និងកំចាត់កំចាយប្រជាជន»។