2 ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងដូនតារបស់អ្នករាល់គ្នាយ៉ាងខ្លាំង។
3 ចូរប្រាប់ពួកគេថា ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ចូរនាំគ្នាវិលមករកយើង នោះយើងក៏នឹងវិលមករកអ្នករាល់គ្នាវិញដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
4 កុំធ្វើដូចដូនតារបស់អ្នករាល់គ្នាឡើយ។ ពួកព្យាការីនៅជំនាន់ដើមធ្លាប់ប្រកាសប្រាប់ដូនតារបស់អ្នករាល់គ្នាថា “ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ: ចូរនាំគ្នាវិលមកវិញ ដោយងាកចេញពីមាគ៌ាអាក្រក់ ហើយឈប់ប្រព្រឹត្តអំពើទុច្ចរិតទៀតទៅ!” ប៉ុន្តែ ដូនតារបស់អ្នករាល់គ្នាពុំព្រមស្ដាប់ ពួកគេមិនយកចិត្តទុកដាក់នឹងពាក្យរបស់យើងទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
5 ដូនតារបស់អ្នករាល់គ្នាបាត់បង់ជីវិតអស់ទៅហើយ រីឯពួកព្យាការីក៏មិននៅរស់រហូតដែរ។
6 ដូនតារបស់អ្នករាល់គ្នាឮពាក្យរបស់យើង និងច្បាប់ដែលយើងបានបង្គាប់ដល់ពួកព្យាការីជាអ្នកបម្រើរបស់យើង។ ដូនតារបស់អ្នករាល់គ្នាបានវិលមកវិញ ហើយពោលថា “ព្រះអម្ចាស់នៃពិភពទាំងមូលប្រព្រឹត្តចំពោះពួកយើង ដូចព្រះអង្គបានសម្រេចស្របតាមមារយាទ និងអំពើដែលពួកយើងប្រព្រឹត្ត”»។
7 នៅថ្ងៃទីម្ភៃបួន ខែទីដប់មួយ ដែលត្រូវនឹងខែមាឃ ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីសាការី ជាកូនរបស់លោកបេរេគា និងជាចៅរបស់លោកអ៊ីដោ ដូចតទៅ:
8 នៅពេលយប់ ខ្ញុំបាននិមិត្តឃើញបុរសម្នាក់ជិះសេះមួយសម្បុរក្រហម ឈប់នៅកណ្ដាលគុម្ពផ្កាយីថោក្នុងជ្រលងភ្នំមួយដ៏ជ្រៅ។ នៅពីក្រោយលោក មានសេះឯទៀតៗសម្បុរក្រហម ត្នោត និងស ដែលមានអ្នកជិះពីលើ។