សាការី 11:10-16 KHSV

10 ខ្ញុំ​យក​ដំបង​ចំណង​មេត្រី​របស់​ខ្ញុំ​មក​កាច់​បំបាក់ ដើម្បី​ផ្ដាច់​សម្ពន្ធ‌មេត្រី ដែល​ខ្ញុំ​បាន​ចង​ជា​មួយ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន។

11 សម្ពន្ធ‌មេត្រី​បាន​ផ្ដាច់​នៅ​ថ្ងៃ​នោះ ហើយ​ពួក​ឈ្មួញ​ចៀម​ដែល​តាម​សង្កេត​មើល​ខ្ញុំ នឹង​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​ពិត​ជា​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ខ្ញុំ​មែន។

12 ខ្ញុំ​ពោល​ទៅ​កាន់​ពួក​គេ​ថា: “ប្រសិន​បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា គួរ​គប្បី​បង់​ឈ្នួល នោះ​ចូរ​បង់​ឲ្យ​ខ្ញុំ​មក”។ បើ​អ្នក​រាល់​គ្នា​យល់​ថា មិន​គួរ​គប្បី​បង់ នោះ​មិន​បាច់​បង់​ទេ។ ពួក​គេ​បាន​ថ្លឹង​ប្រាក់​សាម‌សិប​ស្លឹង*​ឲ្យ​ខ្ញុំ ទុក​ជា​ប្រាក់​ឈ្នួល។

13 ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ពួក​គេ​សន្មត​ថា យើង​មាន​តម្លៃ​តែ​ប៉ុណ្ណឹង​ទេ ដូច្នេះ ចូរ​យក​ប្រាក់​ដ៏​ថ្លៃ‌ថ្នូរ​បំផុត​របស់​ពួក​គេ​ទៅ​ឲ្យ​ជាង​ស្មូន​ទៅ!»។ ខ្ញុំ​ក៏​យក​ប្រាក់​សាម‌សិប​ស្លឹង​នោះ​ទៅ​ដាក់​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទុក​សម្រាប់​ជាង​ស្មូន។

14 បន្ទាប់​មក ខ្ញុំ​កាច់​បំបាក់​ដំបង​ទី​ពីរ​របស់​ខ្ញុំ គឺ «មិត្ត‌ភាព» ដើម្បី​ផ្ដាច់​ចំណង​ភាតរ‌ភាព​រវាង​នគរ​យូដា និង​នគរ​អ៊ីស្រា‌អែល។

15 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ក្លែង​ខ្លួន​ជា​គង្វាល​ដ៏​ល្ងី‌ល្ងើ​ទៀត​ទៅ!

16 ដ្បិត​យើង​ធ្វើ​ឲ្យ​មាន​គង្វាល​មួយ​រូប​ងើប​ឡើង​នៅ​ក្នុង​ស្រុក។ គង្វាល​នោះ​នឹង​មិន​រវី‌រវល់​ជួយ​ចៀម​របស់​ខ្លួន ដែល​កំពុង​តែ​វិនាស​អន្តរាយ​ឡើយ។ គេ​មិន​ស្វែង​រក​ចៀម​តូច​ដែល​វង្វេង មិន​ព្យាបាល​ចៀម​របួស ហើយ​មិន​ឲ្យ​ចំណី​ចៀម​ណា​ដែល​មាន​សុខភាព​ល្អ​ទេ។ ផ្ទុយ​ទៅ​វិញ គេ​បែរ​ជា​ស៊ី​សាច់​ចៀម​ធាត់ៗ ហើយ​បំបាក់​ក្រចក​ជើង​ចៀម​នោះ​ទៀត​ផង។