សាការី 12:1-7 KHSV

1 សេចក្ដី​ប្រកាសនេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ថ្លែង​អំពី​ស្រុក​អ៊ីស្រា‌អែល។ ព្រះ‌អម្ចាស់​ដែល​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃហើយ​ចាក់​គ្រឹះ​ផែនដីព្រម​ទាំង​ផ្ដល់​ដង្ហើម​ជីវិត​ឲ្យ​មនុស្ស​លោកទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖

2 «យើង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​បាន​ដូច​ជា​ពែង​ពេញ​ដោយ​កំហឹង​របស់​យើង ជា​ពែង​បណ្ដាល​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ ព្រឺ​ខ្លាច។ ពេល​ខ្មាំង​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម ជន‌ជាតិ​យូដា​ទាំង​មូល ក៏​ព្រឺ​ខ្លាច​ដែរ។

3 នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​បាន​ដូច​ជា​ផ្ទាំង​ថ្ម ដែល​ជាតិ​សាសន៍​ទាំង​អស់​នាំ​គ្នា​លើក។ អស់​អ្នក​ដែល​លើក​ថ្ម​នេះ​មុខ​ជា​ត្រូវ​របួស​យ៉ាង​ធ្ងន់។ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នឹង លើក​គ្នា​មក​ប្រហារ​ក្រុង​នេះ។

4 នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​សេះ​ទាំង​ប៉ុន្មាន​របស់​គេ​ជ្រួល‌ច្របល់ ហើយ​ទាហាន​ដែល​ជិះ​វា​ក៏​វង្វេង​វង្វាន់​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ប៉ុន្តែ យើង​នឹង​តាម​ថែ‌រក្សា​កូន​ចៅ​យូដា ហើយ​ធ្វើ​ឲ្យ​សេះ​ទាំង​អស់​របស់​ជាតិ​សាសន៍​នានា​មើល​អ្វី​លែង​ឃើញ។

5 ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា​នឹង​គិត​គ្នា​ថា: ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​មាន​កម្លាំង ព្រោះ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ជា​ព្រះ​របស់​ពួក​គេ។

6 នៅ​ថ្ងៃ​នោះ យើង​ធ្វើ​ឲ្យ​ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា​បាន​ដូច​ជា​គុក​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ នៅ​កណ្ដាល​ព្រៃ ឬ​ដូច​ភ្លើង​ចន្លុះ​ឆេះ​កណ្ដាប់​ស្រូវ។ ពួក​គេ​នឹង​កម្ទេច​ជាតិ​សាសន៍​នានា​ដែល​នៅ​ជិត​ខាង។ រីឯ​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម នឹង​រស់​នៅ​ក្នុង​ទីក្រុង​របស់​ខ្លួន​ដដែល»។

7 ព្រះ‌អម្ចាស់​នឹង​សង្គ្រោះ​អំបូរ​នានា​នៃ​ជន‌ជាតិ​យូដា​ជា​មុន​សិន ដើម្បី​កុំ​ឲ្យ​រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ និង​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​មើល‌ងាយ​ជន‌ជាតិ​យូដា​ឯ​ទៀតៗ។