2 «យើងធ្វើឲ្យក្រុងយេរូសាឡឹមបានដូចជាពែងពេញដោយកំហឹងរបស់យើង ជាពែងបណ្ដាលឲ្យជាតិសាសន៍ទាំងអស់ដែលនៅជុំវិញ ព្រឺខ្លាច។ ពេលខ្មាំងឡោមព័ទ្ធក្រុងយេរូសាឡឹម ជនជាតិយូដាទាំងមូល ក៏ព្រឺខ្លាចដែរ។
3 នៅថ្ងៃនោះ យើងនឹងធ្វើឲ្យក្រុងយេរូសាឡឹមបានដូចជាផ្ទាំងថ្ម ដែលជាតិសាសន៍ទាំងអស់នាំគ្នាលើក។ អស់អ្នកដែលលើកថ្មនេះមុខជាត្រូវរបួសយ៉ាងធ្ងន់។ ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដី នឹង លើកគ្នាមកប្រហារក្រុងនេះ។
4 នៅថ្ងៃនោះ យើងនឹងធ្វើឲ្យសេះទាំងប៉ុន្មានរបស់គេជ្រួលច្របល់ ហើយទាហានដែលជិះវាក៏វង្វេងវង្វាន់ដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ប៉ុន្តែ យើងនឹងតាមថែរក្សាកូនចៅយូដា ហើយធ្វើឲ្យសេះទាំងអស់របស់ជាតិសាសន៍នានាមើលអ្វីលែងឃើញ។
5 ពួកមេដឹកនាំរបស់ជនជាតិយូដានឹងគិតគ្នាថា: ប្រជាជននៅក្រុងយេរូសាឡឹមមានកម្លាំង ព្រោះព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះរបស់ពួកគេ។
6 នៅថ្ងៃនោះ យើងធ្វើឲ្យពួកមេដឹកនាំរបស់ជនជាតិយូដាបានដូចជាគុកភ្លើងដ៏សន្ធោសន្ធៅ នៅកណ្ដាលព្រៃ ឬដូចភ្លើងចន្លុះឆេះកណ្ដាប់ស្រូវ។ ពួកគេនឹងកម្ទេចជាតិសាសន៍នានាដែលនៅជិតខាង។ រីឯប្រជាជននៅក្រុងយេរូសាឡឹម នឹងរស់នៅក្នុងទីក្រុងរបស់ខ្លួនដដែល»។
7 ព្រះអម្ចាស់នឹងសង្គ្រោះអំបូរនានានៃជនជាតិយូដាជាមុនសិន ដើម្បីកុំឲ្យរាជវង្សរបស់ព្រះបាទដាវីឌ និងប្រជាជននៅក្រុងយេរូសាឡឹមមើលងាយជនជាតិយូដាឯទៀតៗ។
8 នៅថ្ងៃនោះ ព្រះអម្ចាស់នឹងការពារប្រជាជន នៅក្រុងយេរូសាឡឹម។ នៅថ្ងៃនោះក្នុងចំណោមពួកគេ ប្រសិនបើមាននរណាទន់ខ្សោយ ព្រះអង្គនឹងធ្វើឲ្យគេមានកម្លាំងដូចព្រះបាទដាវីឌ ហើយពូជពង្សរបស់ព្រះបាទដាវីឌនឹងប្រៀបដូចជាព្រះ ឬដូចជាទេវតារបស់ព្រះអម្ចាស់ នៅមុខពួកគេ។