សាការី 12:3-9 KHSV

3 នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​បាន​ដូច​ជា​ផ្ទាំង​ថ្ម ដែល​ជាតិ​សាសន៍​ទាំង​អស់​នាំ​គ្នា​លើក។ អស់​អ្នក​ដែល​លើក​ថ្ម​នេះ​មុខ​ជា​ត្រូវ​របួស​យ៉ាង​ធ្ងន់។ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នឹង លើក​គ្នា​មក​ប្រហារ​ក្រុង​នេះ។

4 នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​សេះ​ទាំង​ប៉ុន្មាន​របស់​គេ​ជ្រួល‌ច្របល់ ហើយ​ទាហាន​ដែល​ជិះ​វា​ក៏​វង្វេង​វង្វាន់​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ប៉ុន្តែ យើង​នឹង​តាម​ថែ‌រក្សា​កូន​ចៅ​យូដា ហើយ​ធ្វើ​ឲ្យ​សេះ​ទាំង​អស់​របស់​ជាតិ​សាសន៍​នានា​មើល​អ្វី​លែង​ឃើញ។

5 ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា​នឹង​គិត​គ្នា​ថា: ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​មាន​កម្លាំង ព្រោះ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ជា​ព្រះ​របស់​ពួក​គេ។

6 នៅ​ថ្ងៃ​នោះ យើង​ធ្វើ​ឲ្យ​ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា​បាន​ដូច​ជា​គុក​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ នៅ​កណ្ដាល​ព្រៃ ឬ​ដូច​ភ្លើង​ចន្លុះ​ឆេះ​កណ្ដាប់​ស្រូវ។ ពួក​គេ​នឹង​កម្ទេច​ជាតិ​សាសន៍​នានា​ដែល​នៅ​ជិត​ខាង។ រីឯ​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម នឹង​រស់​នៅ​ក្នុង​ទីក្រុង​របស់​ខ្លួន​ដដែល»។

7 ព្រះ‌អម្ចាស់​នឹង​សង្គ្រោះ​អំបូរ​នានា​នៃ​ជន‌ជាតិ​យូដា​ជា​មុន​សិន ដើម្បី​កុំ​ឲ្យ​រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ និង​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​មើល‌ងាយ​ជន‌ជាតិ​យូដា​ឯ​ទៀតៗ។

8 នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ការពារ​ប្រជា‌ជន នៅ​ក្រុង​យេរូ‌សាឡឹម។ នៅ​ថ្ងៃ​នោះ​ក្នុង​ចំណោម​ពួក​គេ ប្រសិន​បើ​មាន​នរណា​ទន់​ខ្សោយ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​គេ​មាន​កម្លាំង​ដូច​ព្រះ‌បាទ​ដាវីឌ ហើយ​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​ដាវីឌ​នឹង​ប្រៀប​ដូច​ជា​ព្រះ ឬ​ដូច​ជា​ទេវតា​របស់​ព្រះ‌អម្ចាស់ នៅ​មុខ​ពួក​គេ។

9 នៅ​ថ្ងៃ​នោះ យើង​នឹង​កម្ទេច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​មក​វាយ​ប្រហារ​ក្រុង​យេរូ‌សាឡឹម។