7 ព្រះអម្ចាស់នឹងសង្គ្រោះអំបូរនានានៃជនជាតិយូដាជាមុនសិន ដើម្បីកុំឲ្យរាជវង្សរបស់ព្រះបាទដាវីឌ និងប្រជាជននៅក្រុងយេរូសាឡឹមមើលងាយជនជាតិយូដាឯទៀតៗ។
8 នៅថ្ងៃនោះ ព្រះអម្ចាស់នឹងការពារប្រជាជន នៅក្រុងយេរូសាឡឹម។ នៅថ្ងៃនោះក្នុងចំណោមពួកគេ ប្រសិនបើមាននរណាទន់ខ្សោយ ព្រះអង្គនឹងធ្វើឲ្យគេមានកម្លាំងដូចព្រះបាទដាវីឌ ហើយពូជពង្សរបស់ព្រះបាទដាវីឌនឹងប្រៀបដូចជាព្រះ ឬដូចជាទេវតារបស់ព្រះអម្ចាស់ នៅមុខពួកគេ។
9 នៅថ្ងៃនោះ យើងនឹងកម្ទេចប្រជាជាតិទាំងប៉ុន្មាន ដែលមកវាយប្រហារក្រុងយេរូសាឡឹម។
10 យើងនឹងចាក់បង្ហូរវិញ្ញាណមកលើរាជវង្សរបស់ដាវីឌ និងប្រជាជនក្រុងយេរូសាឡឹម ដើម្បីឲ្យពួកគេមានឆន្ទៈល្អ ចេះអធិស្ឋាន។ ពួកគេនឹងសម្លឹងមើលមកយើង ដែលពួកគេបានចាក់ទម្លុះ។ ពួកគេនឹងកាន់ទុក្ខដូចគេកាន់ទុក្ខព្រោះកូនប្រុសតែមួយបាត់បង់ជីវិត។ ពួកគេយំសោកយ៉ាងជូរចត់ ដូចគេយំសោកស្រណោះសពកូនប្រុសច្បង។
11 នៅថ្ងៃនោះ ប្រជាជននៅក្រុងយេរូសាឡឹមនឹងកាន់ទុក្ខយ៉ាងធំ ដូចគេកាន់ទុក្ខព្រះហាដាដ-រីម៉ូននៅវាលមេគីដោ។
12 អ្នកស្រុកទាំងមូលនឹងកាន់ទុក្ខដាច់ឡែកពីគ្នា តាមអំបូររបស់គេរៀងៗខ្លួន គឺព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក អំបូររបស់លោកណាថាន ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក។
13 អំបូររបស់លោកលេវី ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក អំបូររបស់លោកស៊ីម៉ៃ ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក។