សាការី 12:8-14 KHSV

8 នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ការពារ​ប្រជា‌ជន នៅ​ក្រុង​យេរូ‌សាឡឹម។ នៅ​ថ្ងៃ​នោះ​ក្នុង​ចំណោម​ពួក​គេ ប្រសិន​បើ​មាន​នរណា​ទន់​ខ្សោយ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​គេ​មាន​កម្លាំង​ដូច​ព្រះ‌បាទ​ដាវីឌ ហើយ​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​ដាវីឌ​នឹង​ប្រៀប​ដូច​ជា​ព្រះ ឬ​ដូច​ជា​ទេវតា​របស់​ព្រះ‌អម្ចាស់ នៅ​មុខ​ពួក​គេ។

9 នៅ​ថ្ងៃ​នោះ យើង​នឹង​កម្ទេច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​មក​វាយ​ប្រហារ​ក្រុង​យេរូ‌សាឡឹម។

10 យើង​នឹង​ចាក់​បង្ហូរ​វិញ្ញាណ​មក​លើ​រាជ‌វង្ស​របស់​ដាវីឌ និង​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​ពួក​គេ​មាន​ឆន្ទៈ​ល្អ ចេះ​អធិស្ឋាន។ ពួក​គេ​នឹង​សម្លឹង​មើល​មក​យើង ដែល​ពួក​គេ​បាន​ចាក់​ទម្លុះ។ ពួក​គេ​នឹង​កាន់​ទុក្ខ​ដូច​គេ​កាន់​ទុក្ខ​ព្រោះ​កូន​ប្រុស​តែ​មួយ​បាត់​បង់​ជីវិត។ ពួក​គេ​យំ​សោក​យ៉ាង​ជូរ​ចត់ ដូច​គេ​យំ​សោក​ស្រណោះ​សព​កូន​ប្រុស​ច្បង។

11 នៅ​ថ្ងៃ​នោះ ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​នឹង​កាន់​ទុក្ខ​យ៉ាង​ធំ ដូច​គេ​កាន់​ទុក្ខ​ព្រះ​ហាដាដ-‌រីម៉ូន​នៅ​វាល​មេគី‌ដោ។

12 អ្នក​ស្រុក​ទាំង​មូល​នឹង​កាន់​ទុក្ខ​ដាច់​ឡែក​ពី​គ្នា តាម​អំបូរ​របស់​គេ​រៀងៗ​ខ្លួន គឺ​ព្រះ‌ញាតិ​វង្ស​របស់​ព្រះ‌បាទ​ដាវីឌ ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក អំបូរ​របស់​លោក​ណាថាន ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក។

13 អំបូរ​របស់​លោក​លេវី ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក អំបូរ​របស់​លោក​ស៊ី‌ម៉ៃ ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក។

14 រីឯ​អំបូរ​ឯ​ទៀតៗ​ក៏​ដូច្នោះ​ដែរ ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក។