1 នៅថ្ងៃនោះនឹងមានប្រភពទឹកផុសឡើង លាងជម្រះអំពើបាប និងអំពើសៅហ្មងរបស់ព្រះញាតិវង្សព្រះបាទដាវីឌ និងប្រជាជននៅក្រុងយេរូសាឡឹម។
2 «នៅថ្ងៃនោះ យើងនឹងដកព្រះក្លែងក្លាយចេញពីស្រុក ហើយគ្មាននរណានឹកនាដល់ឈ្មោះរបស់ព្រះទាំងនោះទៀតឡើយ។ យើងក៏បំបាត់ព្យាការីក្លែងក្លាយ និងវិញ្ញាណមិនបរិសុទ្ធរបស់ពួកគេឲ្យអស់ពីស្រុកដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
3 ប្រសិនបើអ្នកណាម្នាក់នៅតែទាយបន្តទៅទៀត ឪពុកម្ដាយដែលបង្កើតអ្នកនោះមក នឹងពោលថា “កូនឯងមិនអាចរស់តទៅទៀតទេ ព្រោះកូនប្រើព្រះនាមរបស់ព្រះអម្ចាស់ ដើម្បីពោលពាក្យកុហក!” ពេលអ្នកនោះទាយ ឪពុកម្ដាយដែលបានបង្កើតខ្លួនមក នឹងចាក់ទម្លុះគេ។
4 នៅថ្ងៃនោះ ព្យាការីម្នាក់ៗនឹងត្រូវអាម៉ាស់ ព្រោះតែនិមិត្តហេតុដែលខ្លួនបានឃើញ ហើយគេនឹងលែងពាក់អាវរោមសត្វ ដើម្បីបោកបញ្ឆោតអ្នកដទៃទៀតហើយ។