4 នៅថ្ងៃនោះ ព្រះអង្គដាក់ព្រះបាទាលើភ្នំដើមអូលីវ ដែលនៅទល់មុខនឹងក្រុងយេរូសាឡឹម គឺនៅខាងកើតទីក្រុង។ភ្នំដើមអូលីវនឹងត្រូវប្រេះជាពីរ ចំពាក់កណ្ដាលពីទិសខាងកើតទៅទិសខាងលិចហើយក្លាយទៅជាជ្រលងភ្នំមួយយ៉ាងធំ។ចំហៀងភ្នំម្ខាងកំរើកទៅខាងជើងម្ខាងទៀតទៅទិសខាងត្បូង។
5 ពេលនោះ អ្នករាល់គ្នានឹងរត់ភៀសខ្លួនទៅនៅតាមជ្រលងភ្នំរបស់យើងដ្បិតជ្រលងភ្នំនេះលាតសន្ធឹងរហូតដល់អាសែល។អ្នករាល់គ្នានឹងរត់ភៀសខ្លួនដូចអ្នករាល់គ្នារត់គេចពីការរញ្ជួយផែនដីនៅជំនាន់អូសៀស ជាស្ដេចស្រុកយូដា។ ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ នឹងយាងមកហើយប្រជាជនដ៏វិសុទ្ធទាំងអស់របស់ព្រះអង្គក៏មកជាមួយដែរ។
6 នៅថ្ងៃនោះនឹងលែងមានពន្លឺថ្ងៃលែងមានធាតុត្រជាក់ ឬទឹកកកទៀតដែរ។
7 ថ្ងៃនោះ ជាថ្ងៃមួយខុសប្លែកពីធម្មតាមានតែព្រះអម្ចាស់ទេដែលជ្រាប។ពេលនោះ គ្មានថ្ងៃគ្មានយប់ទេសូម្បីតែពេលល្ងាច ក៏នៅតែភ្លឺដែរ
8 នៅថ្ងៃនោះ នឹងមានទឹកផ្ដល់ជីវិតហូរចេញពីក្រុងយេរូសាឡឹមមួយផ្នែកហូរចាក់ទៅសមុទ្រខាងកើតមួយផ្នែកទៀតហូរទៅសមុទ្រខាងលិចរដូវប្រាំង ក៏ដូចជារដូវវស្សាដែរ។
9 ព្រះអម្ចាស់នឹងធ្វើជាព្រះមហាក្សត្រគ្រងរាជ្យលើផែនដីទាំងមូល។នៅថ្ងៃនោះ មនុស្សគ្រប់ៗគ្នានឹងថ្វាយបង្គំ ព្រះអម្ចាស់តែមួយព្រះអង្គគត់គឺមានតែព្រះនាមព្រះអង្គប៉ុណ្ណោះ។
10 ទឹកដីទាំងមូល គឺចាប់ពីកេបារហូតដល់រីម៉ូនដែលនៅខាងត្បូងក្រុងយេរូសាឡឹមនឹងទៅជាវាលទំនាប។គេនឹងសង់ក្រុងយេរូសាឡឹមឡើងវិញនៅលើកន្លែងដដែលគឺចាប់តាំងពីទ្វារបេនយ៉ាមីនរហូតដល់កន្លែងដែលមានទ្វារកាលពីមុននិងរហូតដល់ទ្វារមុមហើយចាប់តាំងពីប៉មហាណានាលរហូតដល់កន្លែងជាន់ផ្លែទំពាំងបាយជូររបស់ហ្លួង។