4 ទេវតានេះពោលទៅកាន់អស់អ្នកដែលឈរនៅខាងមុខថា៖ «ចូរយកសម្លៀកបំពាក់កខ្វក់ចេញពីលោក!»។ ទេវតាពោលមកកាន់លោកយេសួរថា៖ «ខ្ញុំដកកំហុសចេញពីលោក ហើយឲ្យលោកស្លៀកសម្លៀកបំពាក់សម្រាប់ពិធីបុណ្យវិញ»។
5 បន្ទាប់មក ទេវតាពោលថា៖ «ចូរយកឆ្នួតស្អាតមកបំពាក់ជូនលោក!»។ គេក៏យកឆ្នួតស្អាត និងសម្លៀកបំពាក់ មកពាក់ជូនលោក។ ទេវតារបស់ព្រះអម្ចាស់ឈរនៅក្បែរនោះ។
6 ទេវតារបស់ព្រះអម្ចាស់ថ្លែងមកកាន់លោកយេសួរថា៖
7 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ: «ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង និងប្រតិបត្តិតាមសេចក្ដីដែលយើងបង្គាប់ អ្នកនឹងគ្រប់គ្រងលើដំណាក់របស់យើង ហើយថែរក្សាទីលានរបស់យើងដែរ។ យើងនឹងឲ្យអ្នកចូលរួមក្នុងចំណោមអស់អ្នកដែលនៅទីនេះ។
8 ដូច្នេះ មហាបូជាចារ្យយេសួរអើយ ចូរស្ដាប់! រីឯអ្នកឯទៀតៗដែលធ្វើការជាមួយអ្នក ក៏ត្រូវស្ដាប់ដែរ ដ្បិតអ្នករាល់គ្នាជាប្រផ្នូលអំពីកិច្ចការដែលនឹងកើតមាន។ យើងនឹងនាំ “ពន្លក” ជាអ្នកបម្រើរបស់យើងមក។
9 យើងនឹងដាក់ថ្មមួយនៅមុខយេសួរ លើថ្មតែមួយនេះមានភ្នែកដល់ទៅប្រាំពីរ។ យើងនឹងចារអក្សរលើថ្មនោះ ដោយដៃយើងផ្ទាល់។ ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ យើងនឹងដកបាបចេញពីស្រុកនេះ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
10 នៅថ្ងៃនោះ អ្នករាល់គ្នានឹងអញ្ជើញគ្នាទៅវិញទៅមក ឲ្យទៅអង្គុយនៅក្រោមដើមទំពាំងបាយជូរ និងដើមឧទុម្ពរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។