10 មិនត្រូវសង្កត់សង្កិនស្ត្រីមេម៉ាយ ក្មេងកំព្រា ជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា និងជនទុគ៌ត ហើយកុំមានចិត្តប្រព្រឹត្តអំពើអាក្រក់ ចំពោះគ្នាទៅវិញទៅមកឡើយ!»។
11 «ប៉ុន្តែ ពួកគេមិនព្រមយកចិត្តទុកដាក់ស្ដាប់ទេ ពួកគេមានចិត្តរឹងរូស ខ្ទប់ត្រចៀកធ្វើមិនដឹងមិនឮ។
12 ពួកគេតាំងចិត្តរឹងដូចដុំថ្ម ពួកគេមិនព្រមស្ដាប់តាមក្រឹត្យវិន័យ និងព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ថ្លែងតាមរយៈព្យាការីនៅជំនាន់មុន ដោយព្រះវិញ្ញាណរបស់ព្រះអង្គឡើយ។ ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូល ទ្រង់ព្រះពិរោធយ៉ាងខ្លាំងទាស់នឹងពួកគេ។
13 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា “ពេលយើងហៅរកពួកគេ ពួកគេពុំព្រមស្ដាប់យើងទេ ហេតុនេះពេលពួកគេហៅរកយើង យើងក៏ពុំព្រមស្ដាប់ពួកគេដែរ។
14 យើងបានធ្វើឲ្យពួកគេខ្ចាត់ព្រាត់ រសាត់ទៅរស់នៅក្នុងចំណោមប្រជាជាតិទាំងប៉ុន្មាន ដែលពួកគេពុំធ្លាប់ស្គាល់។ ក្រោយពួកគេចេញផុតទៅ ទឹកដីរបស់ពួកគេក្លាយទៅជាទីស្មសាន គ្មាននរណាដើរកាត់ គ្មាននរណារស់នៅ។ ស្រុកដ៏សម្បូណ៌សប្បាយបានក្លាយទៅជាទីស្មសាន”»។