1 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖
2 «ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: យើងមានចិត្តស្រឡាញ់ក្រុងស៊ីយ៉ូនពន់ពេកក្រៃ យើងជំពាក់ចិត្តយ៉ាងខ្លាំង!
3 ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងនឹងវិលត្រឡប់ទៅក្រុងស៊ីយ៉ូនវិញ យើងនឹងស្នាក់នៅក្នុងក្រុងយេរូសាឡឹម។ ពេលនោះ គេនឹងហៅយេរូសាឡឹមថា “ក្រុងដ៏ស្មោះត្រង់” ហើយហៅភ្នំរបស់ព្រះអម្ចាស់នៃពិភពទាំងមូលថា “ភ្នំដ៏វិសុទ្ធ”។
4 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: មនុស្សចាស់ជរា ទាំងប្រុសទាំងស្រី នឹងអង្គុយនៅតាមទីធ្លាក្រុងយេរូសាឡឹម។ ម្នាក់ៗកាន់ឈើច្រត់ ព្រោះតែមានវ័យជរាណាស់ទៅហើយ។
5 នៅតាមទីធ្លាក្រុងក៏មានក្មេងប្រុសស្រីរត់លេងពាសពេញដែរ។
6 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: នៅគ្រានោះ ប្រជាជនដែលនៅសេសសល់យល់ថា ហេតុការណ៍នេះដូចជាអស្ចារ្យពេក ក៏ប៉ុន្តែ យើងយល់ថាមិនមែនជាការអស្ចារ្យពេកទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
7 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: យើងនឹងសង្គ្រោះប្រជារាស្ត្ររបស់យើងដែលនៅស្រុកខាងកើត និងស្រុកខាងលិច។