សាការី 8:11-17 KHSV

11 ប៉ុន្តែ ឥឡូវ​នេះ យើង​មិន​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ដូច​យើង​ធ្លាប់​ប្រព្រឹត្ត​ពី​អតីតកាល​ឡើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

12 យើង​នឹង​ផ្ដល់​ឲ្យ​ស្រុក​បាន​ប្រកប​សេចក្ដី​សុខ‌សាន្ត: ដើម​ទំពាំង‌បាយជូរ​នឹង​មាន​ផ្លែ​ផ្កា​ឡើង​វិញ ដី​នឹង​ផ្ដល់​ភោគ‌ផល ហើយ​មេឃ​ក៏​បង្អុរ​ទឹក​ភ្លៀង​មក​ដែរ។ យើង​នឹង​ឲ្យ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ទទួល​ភោគ‌សម្បត្តិ​ទាំង​នោះ​ទុក​ជា​មត៌ក។

13 កូន​ចៅ​យូដា និង​កូន​ចៅ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​ធ្លាប់​បង្ហាញ​ឲ្យ​ប្រជា‌ជាតិ​នានា​ឃើញ​បណ្ដាសា​យ៉ាង​ណា យើង​ក៏​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា ដើម្បី​បង្ហាញ​ព្រះ‌ពរ​ឲ្យ​ពួក​គេ​ឃើញ​យ៉ាង​នោះ​ដែរ! កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង!

14 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: ដោយ​ដូនតា​របស់​អ្នក​រាល់​គ្នា​បញ្ឆេះ​កំហឹង​របស់​យើង យើង​បាន​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​រង​ទុក្ខ​ទោស ដោយ​ឥត​នឹក​ស្ដាយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

15 ប៉ុន្តែ នៅ​ពេល​នេះ យើង​ដូរ​គំនិត ហើយ​សម្រេច​ចិត្ត​ផ្ដល់​ឲ្យ​អ្នក​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​យូដា បាន​ចម្រុង‌ចម្រើន កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!

16 ចូរ​នាំ​គ្នា​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​នេះ ចូរ​និយាយ​ការ​ពិត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ពេល​កាត់​ក្ដី​ត្រូវ​វិនិច្ឆ័យ​តាម​សេចក្ដី​ពិត ហើយ​សម្រុះ‌សម្រួល​គ្នា​តាម​យុត្តិធម៌។

17 កុំ​ឲ្យ​គិត‌គូរ​ប្រព្រឹត្ត​អំពើ​អាក្រក់​ចំពោះ​គ្នា​នឹង​គ្នា​ឡើយ។ កុំ​ចូល​ចិត្ត​ស្បថ​បំពាន​ឲ្យ​សោះ ដ្បិត​យើង​ស្អប់​អំពើ​ទាំង​នោះ​ណាស់» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។