14 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: ដោយដូនតារបស់អ្នករាល់គ្នាបញ្ឆេះកំហឹងរបស់យើង យើងបានសម្រេចចិត្តធ្វើឲ្យអ្នករាល់គ្នារងទុក្ខទោស ដោយឥតនឹកស្ដាយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
15 ប៉ុន្តែ នៅពេលនេះ យើងដូរគំនិត ហើយសម្រេចចិត្តផ្ដល់ឲ្យអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដា បានចម្រុងចម្រើន កុំភ័យខ្លាចអ្វីឡើយ!
16 ចូរនាំគ្នាប្រតិបត្តិតាមសេចក្ដីទាំងនេះ ចូរនិយាយការពិតចំពោះគ្នាទៅវិញទៅមក។ នៅពេលកាត់ក្ដីត្រូវវិនិច្ឆ័យតាមសេចក្ដីពិត ហើយសម្រុះសម្រួលគ្នាតាមយុត្តិធម៌។
17 កុំឲ្យគិតគូរប្រព្រឹត្តអំពើអាក្រក់ចំពោះគ្នានឹងគ្នាឡើយ។ កុំចូលចិត្តស្បថបំពានឲ្យសោះ ដ្បិតយើងស្អប់អំពើទាំងនោះណាស់» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
18 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
19 «ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: ពិធីតមអាហារនៅខែទីបួន ខែទីប្រាំ ខែទីប្រាំពីរ និងខែទីដប់ នឹងប្រែទៅជាពិធីបុណ្យដ៏សប្បាយរីករាយសម្រាប់កូនចៅយូដា គឺជាឱកាសមួយប្រកបដោយអំណរដ៏មហោឡារិក។ ក៏ប៉ុន្តែ អ្នករាល់គ្នាត្រូវស្រឡាញ់សេចក្ដីពិត និងសេចក្ដីសុខសាន្ត»។
20 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ជាតិសាសន៍នានា ព្រមទាំងប្រជាជនពីទីក្រុងជាច្រើននឹងនាំគ្នាមកក្រុងយេរូសាឡឹម។