សាការី 8:6-12 KHSV

6 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: នៅ​គ្រា​នោះ ប្រជា‌ជន​ដែល​នៅ​សេស‌សល់​យល់​ថា ហេតុ‌ការណ៍​នេះ​ដូច​ជា​អស្ចារ្យ​ពេក ក៏​ប៉ុន្តែ យើង​យល់​ថា​មិន​មែន​ជា​ការ​អស្ចារ្យ​ពេក​ទេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

7 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​យើង​ដែល​នៅ​ស្រុក​ខាង​កើត និង​ស្រុក​ខាង​លិច។

8 យើង​នឹង​នាំ​ពួក​គេ​មក​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​វិញ ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​ជា​ព្រះ​របស់​ពួក​គេ​ប្រកប​ដោយ​សេចក្ដី​ស្មោះ​ត្រង់ និង​សេចក្ដី​សុចរិត។

9 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: ចូរ​មាន​ចិត្ត​ក្លា‌ហាន​ឡើង អ្នក​រាល់​គ្នា​ឮ​សេចក្ដី​ផ្សេងៗ​ដែល​ព្យាការី​ប្រកាស​ប្រាប់​ក្នុង​នាម​យើង នៅ​គ្រា​ដែល​គេ​ចាក់​គ្រឹះ​សង់​ដំណាក់​របស់​យើង ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

10 កាល​ពី​មុន គ្មាន​នរណា​ឲ្យ​ថ្លៃ​ឈ្នួល​មនុស្ស ឬ​សត្វ​ដែល​បំពេញ​ការ‌ងារ​ទេ ហើយ​ព្រោះ​តែ​ខ្មាំង​សត្រូវ​ក៏​គ្មាន​នរណា​ធ្វើ​ដំណើរ​ដោយ​សុខ‌សាន្ត​ដែរ ដ្បិត​យើង​បាន​បណ្ដោយ​ឲ្យ​មនុស្ស​ទាំង​អស់​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក។

11 ប៉ុន្តែ ឥឡូវ​នេះ យើង​មិន​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ដូច​យើង​ធ្លាប់​ប្រព្រឹត្ត​ពី​អតីតកាល​ឡើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

12 យើង​នឹង​ផ្ដល់​ឲ្យ​ស្រុក​បាន​ប្រកប​សេចក្ដី​សុខ‌សាន្ត: ដើម​ទំពាំង‌បាយជូរ​នឹង​មាន​ផ្លែ​ផ្កា​ឡើង​វិញ ដី​នឹង​ផ្ដល់​ភោគ‌ផល ហើយ​មេឃ​ក៏​បង្អុរ​ទឹក​ភ្លៀង​មក​ដែរ។ យើង​នឹង​ឲ្យ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ទទួល​ភោគ‌សម្បត្តិ​ទាំង​នោះ​ទុក​ជា​មត៌ក។