សាការី 9:7-13 KHSV

7 យើង​នឹង​យក​សាច់​ដែល​មាន​ជាប់​ឈាមចេញ​ពី​មាត់​របស់​គេ។គឺ​សាច់​ដែល​គេ​សែន​ដល់​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើមប្រជា‌ជន​ភីលីស្ទីន​ដែល​នៅ​សេស‌សល់នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើងពួក​គេ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំដូច​កុល‌សម្ព័ន្ធ​យូដា​ដែរ។ប្រជា‌ជន​នៅ​ក្រុង​អេក្រូននឹង​ចូល​រួម​ជា​មួយ​ប្រជា‌រាស្ត្រ​របស់​យើងដូច​អ្នក​ក្រុង​យេបូស​ដែរ។

8 យើង​នឹង​ការពារ​ដំណាក់​របស់​យើង​មិន​ឲ្យកង‌ទ័ព​សត្រូវ​ចេញ​ចូល​វាយ​លុក​បាន​ឡើយហើយ​យើង​ក៏​មិន​ឲ្យ​នរណា​សង្កត់‌សង្កិនប្រជា‌រាស្ដ្រ​របស់​យើង​ទៀត​ដែរដ្បិត​ឥឡូវ​នេះ យើង​មើល​ថែ‌រក្សា​ពួក​គេ។

9 ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​អើយចូរ​មាន​អំណរ​រីក‌រាយ​ដ៏​ខ្លាំង​ឡើងប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយមើល​ហ្ន៎ ព្រះ‌មហា‌ក្សត្រ​របស់​អ្នកយាង​មក​រក​អ្នក​ហើយព្រះ‌អង្គ​សុចរិត ព្រះ‌អង្គ​នាំ​ការ​សង្គ្រោះ​មកព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្លូត‌បូតព្រះ‌អង្គ​គង់​នៅ​លើ​ខ្នង​លាគឺ​ព្រះ‌អង្គ​គង់​នៅ​លើ​ខ្នង​កូន​លា។

10 ព្រះ‌អង្គ​នឹង​យក​រទេះ​ចំបាំង​ចេញ​ពី​ស្រុក​អេប្រាអ៊ីមយក​ទ័ព​សេះ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹមព្រះ‌អង្គ​កាច់​បំបាក់​ធ្នូ​ដែល​គេ​ប្រើ​ធ្វើ​សង្គ្រាម។ព្រះ‌អង្គ​នឹង​ប្រកាស​ប្រាប់​ប្រជា‌ជាតិ​នានាអំពី​សន្តិ‌ភាព។ព្រះ‌អង្គ​នឹង​គ្រប់‌គ្រង​ពី​សមុទ្រ​ម្ខាងទៅ​សមុទ្រ​ម្ខាង​ទៀតហើយ​ចាប់​ពី​ទន្លេ​អឺប្រាត​រហូត​ដល់ទី​ដាច់​ស្រយាល​នៃ​ផែនដី។

11 ចំណែក​ឯ​អ្នក​វិញ ដោយ​យល់​ដល់​លោហិត​នៃសម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​អ្នកយើង​នឹង​ដោះ​លែង​ប្រជា‌ជន​របស់​អ្នកដែល​ជាប់​ទោសឲ្យ​រួច​ពី​រណ្ដៅ​ដែល​គ្មាន​ទឹក។

12 អ្នក​ទោស​ដែល​ពោរ‌ពេញ​ទៅ​ដោយសេចក្ដី​សង្ឃឹម​អើយចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​ក្រុង​ដែលមាន​កំពែង​ដ៏​រឹង‌មាំ​វិញ​ចុះ!ថ្ងៃ​នេះ យើង​ប្រកាស​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថាអ្វីៗ​ដែល​អ្នក​រាល់​គ្នា​ខាត​បង់យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ​មួយ​ជា​ពីរ។

13 យើង​នឹង​យក​យូដា​ធ្វើ​ជា​ធ្នូ​របស់​យើងយើង​នឹង​យក​អេប្រាអ៊ីម​ធ្វើ​ជា​ព្រួញក្រុង​ស៊ីយ៉ូន​អើយយើង​នឹង​ចាត់​កូន​ចៅ​របស់​អ្នកឲ្យ​ទៅ​ប្រហារ​កូន​ចៅ​ពួក​យ៉ាវ៉នយើង​នឹង​ប្រើ​អ្នក ដូច​ដាវ​របស់​វីរ‌បុរស!។