6 ប្រជាជនទាំងអស់នៅស្រុកអេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ដ្បិតពួកគេប្រៀបដូចជាដើមត្រែង ដែលកូនចៅអ៊ីស្រាអែលយកធ្វើជាបង្អែក។
7 នៅពេលពួកគេតោងអ្នក ស្រាប់តែអ្នកបាក់ ហើយធ្វើឲ្យពួកគេមុតដៃ ដាច់រហូតដល់ស្មា។ នៅពេលពួកគេផ្អែកលើអ្នក ស្រាប់តែអ្នករលំ ហើយធ្វើឲ្យពួកគេថ្លោះចង្កេះ»។
8 ព្រះជាអម្ចាស់មានព្រះបន្ទូលទៀតថា៖ «មើល៍យើងនឹងធ្វើឲ្យស្រុកអ្នកកើតសង្គ្រាម យើងនឹងដកជីវិតទាំងមនុស្ស ទាំងសត្វ នៅក្នុងស្រុកអ្នក។
9 ស្រុកអេស៊ីបនឹងត្រូវហិនហោច ក្លាយជាគំនរបាក់បែក ហើយគេនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់។ ដោយអ្នកពោលថា ទន្លេនីលជារបស់អ្នក អ្នកបានបង្កើតទន្លេនេះ
10 យើងនឹងដាក់ទោសអ្នក ព្រមទាំងទន្លេរបស់អ្នក។ យើងនឹងបំផ្លាញស្រុកអេស៊ីប ឲ្យក្លាយទៅជាគំនរបាក់បែក និងជាទីស្មសាន ចាប់តាំងពីក្រុងមីគដូល រហូតដល់ក្រុងស៊ីយេន និងព្រំប្រទល់ស្រុកអេត្យូពី។
11 គ្មានដានជើងមនុស្ស ឬដានជើងសត្វណាមួយដើរកាត់ស្រុកនោះទៀតឡើយ ហើយទឹកដីនោះនឹងគ្មាននរណារស់នៅក្នុងអំឡុងពេលសែសិបឆ្នាំ។
12 ក្នុងរយៈពេលសែសិបឆ្នាំ យើងនឹងធ្វើឲ្យស្រុកអេស៊ីបក្លាយទៅជាទីស្មសាន ស្ងាត់ជាងវាលរហោស្ថានទៅទៀត។ ក្រុងរបស់គេក៏ត្រូវហិនហោចលើសក្រុងឯទៀតៗ។ យើងនឹងរំលាយជនជាតិអេស៊ីបក្នុងចំណោមប្រជាជាតិនានា យើងនឹងកំចាត់កំចាយពួកគេឲ្យទៅប្រទេសនានា»។