អេសេ‌គាល 29:9-15 KHSV

9 ស្រុក​អេស៊ីប​នឹង​ត្រូវ​ហិន‌ហោច ក្លាយ​ជា​គំនរ​បាក់​បែក ហើយ​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់។ ដោយ​អ្នក​ពោល​ថា ទន្លេ​នីល​ជា​របស់​អ្នក អ្នក​បាន​បង្កើត​ទន្លេ​នេះ

10 យើង​នឹង​ដាក់​ទោស​អ្នក ព្រម​ទាំង​ទន្លេ​របស់​អ្នក។ យើង​នឹង​បំផ្លាញ​ស្រុក​អេស៊ីប ឲ្យ​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក និង​ជា​ទី​ស្មសាន ចាប់​តាំង​ពី​ក្រុង​មីគដូល រហូត​ដល់​ក្រុង​ស៊ីយេន និង​ព្រំ‌ប្រទល់​ស្រុក​អេត្យូ‌ពី។

11 គ្មាន​ដាន​ជើង​មនុស្ស ឬ​ដាន​ជើង​សត្វ​ណា​មួយ​ដើរ​កាត់​ស្រុក​នោះ​ទៀត​ឡើយ ហើយ​ទឹក​ដី​នោះ​នឹង​គ្មាន​នរណា​រស់​នៅ​ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ។

12 ក្នុង​រយៈ​ពេល​សែ‌សិប​ឆ្នាំ យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​អេស៊ីប​ក្លាយ​ទៅ​ជា​ទី​ស្មសាន ស្ងាត់​ជាង​វាល​រហោ‌ស្ថាន​ទៅ​ទៀត។ ក្រុង​របស់​គេ​ក៏​ត្រូវ​ហិន‌ហោច​លើស​ក្រុង​ឯ​ទៀតៗ។ យើង​នឹង​រំលាយ​ជន‌ជាតិ​អេស៊ីប​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា យើង​នឹង​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​ទៅ​ប្រទេស​នានា»។

13 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «លុះ​អំឡុង​ពេល​សែ‌សិប​ឆ្នាំ​នោះ​កន្លង​ផុត​ទៅ យើង​នឹង​ប្រមូល​ជន‌ជាតិ​អេស៊ីប​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា ដែល​យើង​បណ្ដេញ​ពួក​គេ​ទៅ​នោះ ឲ្យ​ត្រឡប់​មក​វិញ។

14 យើង​នឹង​ស្ដារ​ស្រុក​អេស៊ីប​ឡើង​វិញ យើង​នឹង​នាំ​ពួក​គេ​មក​នៅ​ស្រុក​ប៉ាត្រុស ជា​ស្រុក​កំណើត​របស់​ខ្លួន ហើយ​ពួក​គេ​នឹង​ប្រមូល​ផ្ដុំ​គ្នា​ជា​នគរ​មួយ​ដ៏​ទន់​ខ្សោយ។

15 ស្រុក​អេស៊ីប​នឹង​ក្លាយ​ទៅ​ជា​នគរ​មួយ​ទន់​ខ្សោយ​ជាង​នគរ​ឯ​ទៀតៗ គេ​នឹង​លែង​ត្រួត‌ត្រា​លើ​ប្រជា‌ជាតិ​នានា គឺ​យើង​នឹង​ធ្វើ​ឲ្យ​គេ​ចុះ​អន់‌ថយ ដើម្បី​កុំ​ឲ្យ​គេ​ត្រួត‌ត្រា​លើ​ប្រជា‌ជាតិ​នានា​ទៀត។