40 ត្រង់កន្លែងមួយ ដែលស្ថិតនៅខាងក្រៅនៃច្រកចូលតាមខ្លោងទ្វារខាងជើង មានតុពីរ ហើយនៅម្ខាងទៀត គឺនៅក្បែរបន្ទប់ល្វែង ក៏មានតុពីរដែរ។
41 នៅត្រង់បន្ទប់ល្វែង មានតុប្រាំបី គឺម្ខាងបួនៗ ដែលគេអារ-កសត្វពីលើ។
42 មានតុបួនទៀតដែលធ្វើពីផ្ទាំងថ្ម សម្រាប់ធ្វើពិធីយញ្ញបូជា។ តុនីមួយៗមានបណ្ដោយមួយហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកំពស់មួយហត្ថ។ គេដាក់ឧបករណ៍សម្រាប់អារ-កសត្វថ្វាយតង្វាយដុត និងថ្វាយយញ្ញបូជាផ្សេងៗទៀតនៅលើតុនោះ។
43 នៅតាមគែមតុ មានចង្អូរព័ទ្ធជុំវិញ ចង្អូរនោះមានទទឹងមួយចង្អាម រីឯសាច់សម្រាប់ធ្វើយញ្ញបូជា គេដាក់នៅលើតុ។
44 នៅមុខខ្លោងទ្វារខាងក្នុង គឺនៅទីលានខាងក្នុង មានបន្ទប់ផ្សេងៗសម្រាប់អ្នកចម្រៀង។ បន្ទប់មួយស្ថិតជិតខ្លោងទ្វារខាងជើង ហើយបែរមុខទៅទិសខាងត្បូង មួយទៀតនៅជិតខ្លោងទ្វារខាងកើត ហើយបែរមុខទៅទិសខាងជើង។
45 លោកពោលមកខ្ញុំថា៖ «បន្ទប់បែរមុខទៅទិសខាងត្បូង ជាបន្ទប់របស់ពួកបូជាចារ្យដែលបំពេញការងារក្នុងព្រះដំណាក់។
46 រីឯបន្ទប់បែរមុខទៅទិសខាងជើង ជាបន្ទប់របស់ពួកបូជាចារ្យដែលបំពេញការងារនៅទីអាសនៈ។ អ្នកទាំងនោះជាកូនចៅរបស់លោកសាដុក ក្នុងកុលសម្ព័ន្ធលេវី ដែលមានភារកិច្ចចូលមកបម្រើព្រះអម្ចាស់»។