អេសេ‌គាល 41:7-13 KHSV

7 បន្ទប់​ជាន់​ខាង​លើ​ទូលាយ​ជាង​បន្ទប់​នៅ​ជាន់​ក្រោម ព្រោះ​ផ្នែក​ខាង​លើ កំរាស់​ជញ្ជាំង​ដែល​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌វិហារ​តូច​ជាង​កំរាស់​ផ្នែក​ខាង​ក្រោម។ ហេតុ​នេះ​ហើយ​បាន​ជា​កាល​ណា​គេ​ឡើង​ទៅ​ខាង​លើ​កាន់​តែ​ខ្ពស់ នោះ​កាន់​តែ​មាន​កន្លែង​ទូលាយ​ជាង។ គេ​អាច​ឡើង​ពី​ជាន់​ក្រោម​ទៅ​ជាន់​កណ្ដាល រួច​ទៅ​ជាន់​ខាង​លើ។

8 ខ្ញុំ​សង្កេត​មើល​ជុំ‌វិញ​ព្រះ‌ដំណាក់ ឃើញ​ថា​បន្ទប់​ដែល​នៅ​អម​តាម​ជញ្ជាំង​មាន​កំពស់​ពេញ​មួយ​ឈើ​រង្វាស់ គឺ​ប្រាំ​មួយ​ហត្ថ។

9 ជញ្ជាំង​ដែល​នៅ​ខាង​ក្រៅ​បន្ទប់​អម​មាន​កំរាស់​ប្រាំ​ហត្ថ។ រីឯ​ធ្លា​នៅ​ចន្លោះ​បន្ទប់​អម ដែល​នៅ​ជាប់​នឹង​ជញ្ជាំង

10 និង​បន្ទប់​ដែល​នៅ​ជុំ‌វិញ​ទី‌សក្ការៈ មាន​ប្រវែង​ម្ភៃ​ហត្ថ។

11 បន្ទប់​អម​ទាំង​នោះ​មាន​ច្រក​ចេញ​ចូល​តាម​ធ្លា ច្រក​មួយ​នៅ​ខាង​ជើង ច្រក​មួយ​ទៀត​នៅ​ខាង​ត្បូង។ ធ្លា​នោះ​មាន​ជ្រុង​នីមួយៗ​ប្រវែង​ប្រាំ​ហត្ថ។

12 នៅ​ខាង​លិច មាន​អាគារ​មួយ​នៅ​ជាប់​នឹង​ធ្លា​ធំ មាន​ទទឹង​ចិត‌សិប​ហត្ថ បណ្ដោយ​កៅ‌សិប​ហត្ថ រីឯ​ជញ្ជាំង​មាន​កំរាស់​ប្រាំ​ហត្ថ។

13 បុរស​នោះ​វាស់​ព្រះ‌ដំណាក់ ឃើញ​មាន​បណ្ដោយ​មួយ​រយ​ហត្ថ។ ចំណែក​ឯ​ធ្លា​ធំ អាគារ និង​ជញ្ជាំង ក៏​មាន​បណ្ដោយ​មួយ​រយ​ហត្ថ​ដែរ។