9 ស្ដេចក៏ចាត់មេកងម្នាក់ឲ្យនាំពលទាហានហាសិបនាក់ ទៅរកចាប់លោកអេលីយ៉ា។ គេនាំគ្នាឡើងទៅរកចាប់លោកអេលីយ៉ា ដែលកំពុងអង្គុយនៅលើកំពូលភ្នំ។ មេកងនោះនិយាយទៅកាន់លោកថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ ចូរចុះមក! នេះជាបញ្ជារបស់ព្រះរាជា»។
10 លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់មេកងនោះថា៖ «ប្រសិនបើខ្ញុំពិតជាអ្នកជំនិតរបស់ព្រះជាម្ចាស់មែន សូមឲ្យភ្លើងធ្លាក់ពីលើមេឃ មកឆេះលោក និងពលទាហានទាំងហាសិបនាក់របស់លោកចុះ!»។ ភ្លើងក៏ធ្លាក់ពីលើមេឃមក ឆេះមេកង និងពលទាហានទាំងហាសិបនាក់នោះមែន។
11 ស្ដេចចាត់មេទ័ពម្នាក់ទៀតឲ្យនាំពលទាហានហាសិបនាក់ទៅរកចាប់លោកអេលីយ៉ា។ មេកងនោះនិយាយទៅកាន់លោកថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ ចូរប្រញាប់ចុះមក! នេះជាបញ្ជារបស់ព្រះរាជា!»។
12 លោកអេលីយ៉ាមានប្រសាសន៍មកពួកគេថា៖ «ប្រសិនបើខ្ញុំពិតជាអ្នកជំនិតរបស់ព្រះជាម្ចាស់មែន សូមឲ្យភ្លើងធ្លាក់ពីលើមេឃ មកឆេះលោក និងពលទាហានទាំងហាសិបនាក់របស់លោកចុះ!»។ ភ្លើងក៏ធ្លាក់ពីលើមេឃមក ឆេះមេកង និងពលទាហានទាំងហាសិបនាក់នោះមែន។
13 ស្ដេចចាត់មេកងទីបីឲ្យនាំពលទាហានហាសិបនាក់ទៅសាជាថ្មី។ ពេលមេកងទីបីនេះឡើងទៅដល់លើកំពូលភ្នំ គាត់លុតជង្គង់នៅមុខលោកអេលីយ៉ា រួចអង្វរថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទុកជីវិតឲ្យខ្ញុំប្របាទ និងពលទាហានទាំងហាសិបនាក់នេះផង។
14 មានភ្លើងធ្លាក់ពីលើមេឃមកឆេះមេកងទាំងពីរ និងពលទាហានរបស់ពួកគេដែលមកមុនៗនោះអស់ហើយ ឥឡូវនេះ សូមអាណិតមេត្តាទុកជីវិតឲ្យខ្ញុំប្របាទផង!»។
15 ទេវតា*របស់ព្រះអម្ចាស់ប្រាប់លោកអេលីយ៉ាថា៖ «ចូរទៅជាមួយគេចុះ កុំភ័យខ្លាចឡើយ!»។ លោកអេលីយ៉ាក្រោកឡើង ហើយទៅជាមួយគេ ចូលគាល់ស្ដេច