1 ព្រះបាទអហាប់មានបុត្រាចិតសិបអង្គ រស់នៅក្រុងសាម៉ារី។ លោកយេហ៊ូវផ្ញើសារ ទៅជូនអស់លោក ដែលជាមេដឹកនាំរបស់ទីក្រុង ព្រឹទ្ធាចារ្យ និងគ្រូបាធ្យាយរបស់បុត្រព្រះបាទអហាប់ ដែលនៅក្រុងសាម៉ារី។ ក្នុងសារនោះមានសេចក្ដីដូចតទៅ៖
2 «អស់លោកមានបុត្រារបស់ស្ដេច ព្រមទាំងរទេះចំបាំងទ័ពសេះ ទីក្រុងដ៏រឹងមាំ និងគ្រឿងសស្ត្រាវុធស្រាប់ហើយ។ ដូច្នេះ ពេលណាអស់លោកបានទទួលសារនេះ
3 ចូរជ្រើសតាំងបុត្រណាមួយដែលប្រសើរជាងគេ ឲ្យឡើងគ្រងរាជ្យជំនួសបិតា ហើយត្រៀមខ្លួនប្រយុទ្ធការពាររាជវង្ស នៃម្ចាស់របស់អស់លោកទៅ»។
4 ពួកគេភ័យខ្លាចជាខ្លាំង ហើយនិយាយគ្នាថា៖ «ស្ដេចទាំងពីរអង្គនោះពុំអាចតទល់នឹងលោកយេហ៊ូវផង ចុះទំរាំបើយើងវិញ តើយើងអាចតទល់នឹងលោកដូចម្ដេចបាន?»។
5 អ្នកទទួលខុសត្រូវក្នុងវាំង ចៅហ្វាយក្រុង ពួកព្រឹទ្ធាចារ្យ និងពួកគ្រូបាធ្យាយ ចាត់គេឲ្យទៅជម្រាបលោកយេហ៊ូវថា៖ «យើងខ្ញុំប្របាទជាអ្នកបម្រើរបស់លោកម្ចាស់ យើងខ្ញុំសុខចិត្តធ្វើអ្វីៗទាំងអស់ តាមតែលោកម្ចាស់បង្គាប់។ យើងខ្ញុំមិនជ្រើសតាំងនរណាម្នាក់ជាស្ដេចទេ សូមលោកម្ចាស់ប្រព្រឹត្តតាមតែលោកម្ចាស់យល់ឃើញថាល្អចុះ!»។
6 លោកយេហ៊ូវធ្វើសារមួយទៀតផ្ញើជូនអស់លោកទាំងនោះ មានសេចក្ដីដូចតទៅ៖ «ប្រសិនបើអស់លោកចូលមកខាងខ្ញុំ និងស្ដាប់តាមបញ្ជារបស់ខ្ញុំ ចូរកាត់កបុត្រាទាំងអស់របស់ម្ចាស់អស់លោក ហើយយកក្បាលមកឲ្យខ្ញុំនៅក្រុងយេសរាល នាថ្ងៃស្អែក ពេលថ្មើរនេះ!»។ ពេលនោះ បុត្រាទាំងចិតសិបអង្គរស់នៅតាមផ្ទះរបស់នាម៉ឺនធំៗ ក្នុងក្រុងសាម៉ារី ហើយលោកទាំងនោះចិញ្ចឹមពួកគេ។
7 ពេលពួកមេដឹកនាំនៃក្រុងសាម៉ារីទទួលសាររបស់លោកយេហ៊ូវ គេនាំគ្នាចាប់បុត្រារបស់ស្ដេចទាំងចិតសិបអង្គនោះ មកកាត់ក យកក្បាលដាក់ក្នុងកព្ឆោ នាំទៅជូនលោកយេហ៊ូវនៅក្រុងយេសរាល។