២ ពង្សា‌វតារ‌ក្សត្រ 10:13-19 KHSV

13 លោក​បាន​ជួប​នឹង​បង‌ប្អូន​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា។ លោក​សួរ​ពួក​គេ​ថា៖ «តើ​អស់​លោក​ជា​នរណា​ដែរ?»។ ពួក​គេ​ឆ្លើយ​ថា៖ «ពួក​យើង​ជា​បង‌ប្អូន​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ពួក​យើង​នាំ​គ្នា​ចុះ​មក​ធ្វើ​គារវ‌កិច្ច​ចំពោះ​បុត្រ​របស់​ព្រះ‌មហា‌ក្សត្រ និង​បុត្រ​របស់​ព្រះ‌មហា‌ក្សត្រិ‌យានី»។

14 លោក​យេហ៊ូវ​បញ្ជា​ថា៖ «ចូរ​ចាប់​ពួក​គេ​ទាំង​រស់!»។ គេ​ក៏​ចាប់​អ្នក​ទាំង​នោះ ទាំង​រស់ នាំ​យក​ទៅ​សម្លាប់ ហើយ​បោះ​សាក‌សព​ទៅ​ក្នុង​អណ្ដូង​ទឹក​នៃ​សាលា​សំណាក់​នោះ។ អ្នក​ទាំង​នោះ​មាន​គ្នា​ចំនួន​សែ‌សិប​ពីរ​នាក់ លោក​យេហ៊ូវ​ឥត​ទុក​នរណា​ម្នាក់​ឲ្យ​រត់​រួច​ឡើយ។

15 កាល​លោក​យេហ៊ូវ​ចេញ​ដំណើរ​ពី​ទី​នោះ​ទៅ លោក​បាន​ជួប​នឹង​លោក​យ៉ូ‌ណា‌ដាប់ ជា​កូន​របស់​លោក​រេកាប ដែល​ដើរ​តម្រង់​មក​រក​លោក។ លោក​យេហ៊ូវ​ជម្រាប​សួរ​គាត់ ហើយ​សួរ​ថា៖ «តើ​លោក​មាន​ចិត្ត​ស្មោះ​ចំពោះ​ខ្ញុំ ដូច​ខ្ញុំ​មាន​ចិត្ត​ស្មោះ​ចំពោះ​លោក​ដែរ​ឬ​ទេ?»។ លោក​យ៉ូណា‌ដាប់​ឆ្លើយ​ថា៖ «ខ្ញុំ​មាន​ចិត្ត​ស្មោះ​មែន»។ លោក​យេហ៊ូវ​មាន​ប្រសាសន៍​ទៀត​ថា៖ «បើ​ដូច្នោះ​មែន សូម​ហុច​ដៃ​មក៍!»។ លោក​យ៉ូ‌ណា‌ដាប់​ក៏​ហុច​ដៃ ហើយ​លោក​យេហ៊ូវ​ចាប់​ដៃ​គាត់ ទាញ​ឡើង​ជិះ​រទេះ​ជា​មួយ​លោក។

16 លោក​យេហ៊ូវ​មាន​ប្រសាសន៍​ថា៖ «សូម​មក​ជា​មួយ​ខ្ញុំ នោះ​លោក​នឹង​ឃើញ​ចិត្ត​ស្រឡាញ់​មោះ‌មុត​របស់​ខ្ញុំ​ចំពោះ​ព្រះ‌អម្ចាស់!»។ លោក​យេហ៊ូវ​ក៏​នាំ​លោក​យ៉ូ‌ណា‌ដាប់​ឡើង​ជិះ​រទេះ​ទៅ​ជា​មួយ​លោក។

17 លុះ​ទៅ​ដល់​ក្រុង​សាម៉ារី លោក​យេហ៊ូវ​បាន​សម្លាប់​ញាតិ‌វង្ស​របស់​ព្រះ‌បាទ​អហាប់ ដែល​នៅ​សេស‌សល់​ក្នុង​ក្រុង​នោះ។ លោក​សម្លាប់​ពួក​គេ​ឲ្យ​ផុត​ពូជ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​តាម​រយៈ​លោក​អេលីយ៉ា។

18 លោក​យេហ៊ូវ​ប្រមូល​ប្រជា‌ជន​ទាំង​មូល​នៅ​ក្រុង​សាម៉ារី ហើយ​ប្រកាស​ថា៖ «ព្រះ‌បាទ​អហាប់​ធ្លាប់​គោរព​ព្រះ​បាល​តែ​បន្តិច‌បន្តួច​ទេ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​គោរព​ព្រះ​បាល​យ៉ាង​ម៉ត់‌ចត់​បំផុត។

19 ឥឡូវ​នេះ ចូរ​ប្រមូល​ពួក​ព្យាការី ពួក​អ្នក​គោរព​បម្រើ និង​ពួក​បូជា‌ចារ្យ​ទាំង​អស់​របស់​ព្រះ​បាល ឲ្យ​មក​ជួប‌ជុំ​ជា​មួយ​យើង។ សូម​កុំ​ឲ្យ​នរណា​ម្នាក់​អវត្ត‌មាន​ឡើយ ដ្បិត​ខ្ញុំ​ចង់​ថ្វាយ​យញ្ញ‌បូជា​មួយ​យ៉ាង​ធំ​ចំពោះ​ព្រះ​បាល។ បើ​នរណា​ម្នាក់​អាក់‌ខាន​នឹង​ត្រូវ​ប្រហារ​ជីវិត»។ លោក​យេហ៊ូវ​ប្រើ​ឧបាយ‌កល​ដូច្នេះ ដើម្បី​លុប​បំបាត់​ពួក​អ្នក​គោរព​បម្រើ​ព្រះ​បាល​ឲ្យ​អស់។