15 កាលលោកយេហ៊ូវចេញដំណើរពីទីនោះទៅ លោកបានជួបនឹងលោកយ៉ូណាដាប់ ជាកូនរបស់លោករេកាប ដែលដើរតម្រង់មករកលោក។ លោកយេហ៊ូវជម្រាបសួរគាត់ ហើយសួរថា៖ «តើលោកមានចិត្តស្មោះចំពោះខ្ញុំ ដូចខ្ញុំមានចិត្តស្មោះចំពោះលោកដែរឬទេ?»។ លោកយ៉ូណាដាប់ឆ្លើយថា៖ «ខ្ញុំមានចិត្តស្មោះមែន»។ លោកយេហ៊ូវមានប្រសាសន៍ទៀតថា៖ «បើដូច្នោះមែន សូមហុចដៃមក៍!»។ លោកយ៉ូណាដាប់ក៏ហុចដៃ ហើយលោកយេហ៊ូវចាប់ដៃគាត់ ទាញឡើងជិះរទេះជាមួយលោក។
16 លោកយេហ៊ូវមានប្រសាសន៍ថា៖ «សូមមកជាមួយខ្ញុំ នោះលោកនឹងឃើញចិត្តស្រឡាញ់មោះមុតរបស់ខ្ញុំចំពោះព្រះអម្ចាស់!»។ លោកយេហ៊ូវក៏នាំលោកយ៉ូណាដាប់ឡើងជិះរទេះទៅជាមួយលោក។
17 លុះទៅដល់ក្រុងសាម៉ារី លោកយេហ៊ូវបានសម្លាប់ញាតិវង្សរបស់ព្រះបាទអហាប់ ដែលនៅសេសសល់ក្នុងក្រុងនោះ។ លោកសម្លាប់ពួកគេឲ្យផុតពូជ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងតាមរយៈលោកអេលីយ៉ា។
18 លោកយេហ៊ូវប្រមូលប្រជាជនទាំងមូលនៅក្រុងសាម៉ារី ហើយប្រកាសថា៖ «ព្រះបាទអហាប់ធ្លាប់គោរពព្រះបាលតែបន្តិចបន្តួចទេ រីឯខ្ញុំវិញ ខ្ញុំនឹងគោរពព្រះបាលយ៉ាងម៉ត់ចត់បំផុត។
19 ឥឡូវនេះ ចូរប្រមូលពួកព្យាការី ពួកអ្នកគោរពបម្រើ និងពួកបូជាចារ្យទាំងអស់របស់ព្រះបាល ឲ្យមកជួបជុំជាមួយយើង។ សូមកុំឲ្យនរណាម្នាក់អវត្តមានឡើយ ដ្បិតខ្ញុំចង់ថ្វាយយញ្ញបូជាមួយយ៉ាងធំចំពោះព្រះបាល។ បើនរណាម្នាក់អាក់ខាននឹងត្រូវប្រហារជីវិត»។ លោកយេហ៊ូវប្រើឧបាយកលដូច្នេះ ដើម្បីលុបបំបាត់ពួកអ្នកគោរពបម្រើព្រះបាលឲ្យអស់។
20 លោកយេហ៊ូវបញ្ជាឲ្យគេរៀបចំអង្គប្រជុំដ៏សក្ការៈមួយ ថ្វាយព្រះបាល។ គេក៏ប្រកាសដំណឹងនេះ
21 ដោយចាត់អ្នកនាំសារទៅគ្រប់ទិសទី ក្នុងស្រុកអ៊ីស្រាអែលទាំងមូល។ អស់អ្នកគោរពបម្រើព្រះបាលមកចូលរួមទាំងអស់គ្នា ឥតមាននរណាម្នាក់អវត្តមានឡើយ។ ពួកគេចូលទៅក្នុងវិហាររបស់ព្រះបាលពេញណែនតាន់តាប់ទាំងអស់។