២ ពង្សា‌វតារ‌ក្សត្រ 10:17-23 KHSV

17 លុះ​ទៅ​ដល់​ក្រុង​សាម៉ារី លោក​យេហ៊ូវ​បាន​សម្លាប់​ញាតិ‌វង្ស​របស់​ព្រះ‌បាទ​អហាប់ ដែល​នៅ​សេស‌សល់​ក្នុង​ក្រុង​នោះ។ លោក​សម្លាប់​ពួក​គេ​ឲ្យ​ផុត​ពូជ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​តាម​រយៈ​លោក​អេលីយ៉ា។

18 លោក​យេហ៊ូវ​ប្រមូល​ប្រជា‌ជន​ទាំង​មូល​នៅ​ក្រុង​សាម៉ារី ហើយ​ប្រកាស​ថា៖ «ព្រះ‌បាទ​អហាប់​ធ្លាប់​គោរព​ព្រះ​បាល​តែ​បន្តិច‌បន្តួច​ទេ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​គោរព​ព្រះ​បាល​យ៉ាង​ម៉ត់‌ចត់​បំផុត។

19 ឥឡូវ​នេះ ចូរ​ប្រមូល​ពួក​ព្យាការី ពួក​អ្នក​គោរព​បម្រើ និង​ពួក​បូជា‌ចារ្យ​ទាំង​អស់​របស់​ព្រះ​បាល ឲ្យ​មក​ជួប‌ជុំ​ជា​មួយ​យើង។ សូម​កុំ​ឲ្យ​នរណា​ម្នាក់​អវត្ត‌មាន​ឡើយ ដ្បិត​ខ្ញុំ​ចង់​ថ្វាយ​យញ្ញ‌បូជា​មួយ​យ៉ាង​ធំ​ចំពោះ​ព្រះ​បាល។ បើ​នរណា​ម្នាក់​អាក់‌ខាន​នឹង​ត្រូវ​ប្រហារ​ជីវិត»។ លោក​យេហ៊ូវ​ប្រើ​ឧបាយ‌កល​ដូច្នេះ ដើម្បី​លុប​បំបាត់​ពួក​អ្នក​គោរព​បម្រើ​ព្រះ​បាល​ឲ្យ​អស់។

20 លោក​យេហ៊ូវ​បញ្ជា​ឲ្យ​គេ​រៀបចំ​អង្គ​ប្រជុំ​ដ៏​សក្ការៈ​មួយ ថ្វាយ​ព្រះ​បាល។ គេ​ក៏​ប្រកាស​ដំណឹង​នេះ

21 ដោយ​ចាត់​អ្នក​នាំ​សារ​ទៅ​គ្រប់​ទិស‌ទី ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល។ អស់​អ្នក​គោរព​បម្រើ​ព្រះ​បាល​មក​ចូល​រួម​ទាំង​អស់​គ្នា ឥត​មាន​នរណា​ម្នាក់​អវត្ត‌មាន​ឡើយ។ ពួក​គេ​ចូល​ទៅ​ក្នុង​វិហារ​របស់​ព្រះ​បាល​ពេញ​ណែន​តាន់‌តាប់​ទាំង​អស់។

22 លោក​យេហ៊ូវ​បញ្ជា​ដល់​អ្នក​គ្រប់‌គ្រង​ផ្នែក​សម្លៀក‌បំពាក់​សម្រាប់​ថ្វាយ‌បង្គំ​ព្រះ​បាល​ថា៖ «ចូរ​ចែក​សម្លៀក‌បំពាក់​ជូន​អស់​អ្នក​ដែល​បំពេញ​មុខ‌ងារ​បម្រើ​ព្រះ​បាល​ចុះ!»។ គេ​យក​សម្លៀក‌បំពាក់​មក​ចែក​ឲ្យ​អ្នក​ទាំង​នោះ​គ្រប់ៗ​គ្នា។

23 លោក​យេហ៊ូវ​អញ្ជើញ​មក​ដល់​វិហារ​របស់​ព្រះ​បាល​ជា​មួយ​នឹង​លោក​យ៉ូ‌ណា‌ដាប់ ជា​កូន​របស់​លោក​រេកាប ហើយ​លោក​មាន​ប្រសាសន៍​ទៅ​កាន់​អស់​អ្នក​ដែល​គោរព​បម្រើ​ព្រះ​បាល​ថា៖ «ចូរ​ពិនិត្យ​មើល កុំ​ឲ្យ​មាន​អ្នក​បម្រើ​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ទី​នេះ​ឡើយ គឺ​ឲ្យ​មាន​តែ​អស់​អ្នក​ដែល​គោរព​បម្រើ​ព្រះ​បាល​ប៉ុណ្ណោះ»។