21 ដោយចាត់អ្នកនាំសារទៅគ្រប់ទិសទី ក្នុងស្រុកអ៊ីស្រាអែលទាំងមូល។ អស់អ្នកគោរពបម្រើព្រះបាលមកចូលរួមទាំងអស់គ្នា ឥតមាននរណាម្នាក់អវត្តមានឡើយ។ ពួកគេចូលទៅក្នុងវិហាររបស់ព្រះបាលពេញណែនតាន់តាប់ទាំងអស់។
22 លោកយេហ៊ូវបញ្ជាដល់អ្នកគ្រប់គ្រងផ្នែកសម្លៀកបំពាក់សម្រាប់ថ្វាយបង្គំព្រះបាលថា៖ «ចូរចែកសម្លៀកបំពាក់ជូនអស់អ្នកដែលបំពេញមុខងារបម្រើព្រះបាលចុះ!»។ គេយកសម្លៀកបំពាក់មកចែកឲ្យអ្នកទាំងនោះគ្រប់ៗគ្នា។
23 លោកយេហ៊ូវអញ្ជើញមកដល់វិហាររបស់ព្រះបាលជាមួយនឹងលោកយ៉ូណាដាប់ ជាកូនរបស់លោករេកាប ហើយលោកមានប្រសាសន៍ទៅកាន់អស់អ្នកដែលគោរពបម្រើព្រះបាលថា៖ «ចូរពិនិត្យមើល កុំឲ្យមានអ្នកបម្រើព្រះអម្ចាស់ស្ថិតនៅទីនេះឡើយ គឺឲ្យមានតែអស់អ្នកដែលគោរពបម្រើព្រះបាលប៉ុណ្ណោះ»។
24 ពេលនោះ លោកយេហ៊ូវ និងលោកយ៉ូណាដាប់ក៏ចូលទៅក្នុងវិហារ ដើម្បីថ្វាយយញ្ញបូជា និងតង្វាយដុតទាំងមូលដែរ។លោកយេហ៊ូវបានដាក់ទាហានប៉ែតសិបនាក់ឲ្យចាំនៅខាងក្រៅ ដោយបញ្ជាថា៖ «ខ្ញុំប្រគល់អ្នកទាំងនេះមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ អ្នកណាបណ្ដោយឲ្យមនុស្សម្នាក់រត់រួច អ្នកនោះនឹងត្រូវស្លាប់ជំនួស»។
25 ពេលថ្វាយតង្វាយដុតទាំងមូលរួចស្រេចហើយ លោកយេហ៊ូវបញ្ជាទៅពលទាហាន និងនាយទាហានទ័ពសេះថា៖ «ចូរចូលទៅប្រហារពួកគេទាំងអស់គ្នា កុំឲ្យនរណាម្នាក់រត់រួចឡើយ!»។ ទាហានទាំងនោះក៏ប្រហារពួកគេដោយមុខដាវ ហើយបោះសាកសពចេញមកក្រៅ រួចចូលទៅខាងក្នុងទីសក្ការៈនៃវិហាររបស់ព្រះបាល។
26 ពួកគេយកស្តូបនៅក្នុងវិហាររបស់ព្រះបាលចេញមកដុតនៅខាងក្រៅ។
27 ក្រោយពីបានដុតបំផ្លាញស្តូបរបស់ព្រះបាលចោលហើយ ពួកគេរំលំវិហាររបស់ព្រះបាល រួចយកទីនោះធ្វើជាកន្លែងបន្ទោរបង់រហូតដល់សព្វថ្ងៃ។