24 ពេលនោះ លោកយេហ៊ូវ និងលោកយ៉ូណាដាប់ក៏ចូលទៅក្នុងវិហារ ដើម្បីថ្វាយយញ្ញបូជា និងតង្វាយដុតទាំងមូលដែរ។លោកយេហ៊ូវបានដាក់ទាហានប៉ែតសិបនាក់ឲ្យចាំនៅខាងក្រៅ ដោយបញ្ជាថា៖ «ខ្ញុំប្រគល់អ្នកទាំងនេះមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ អ្នកណាបណ្ដោយឲ្យមនុស្សម្នាក់រត់រួច អ្នកនោះនឹងត្រូវស្លាប់ជំនួស»។
25 ពេលថ្វាយតង្វាយដុតទាំងមូលរួចស្រេចហើយ លោកយេហ៊ូវបញ្ជាទៅពលទាហាន និងនាយទាហានទ័ពសេះថា៖ «ចូរចូលទៅប្រហារពួកគេទាំងអស់គ្នា កុំឲ្យនរណាម្នាក់រត់រួចឡើយ!»។ ទាហានទាំងនោះក៏ប្រហារពួកគេដោយមុខដាវ ហើយបោះសាកសពចេញមកក្រៅ រួចចូលទៅខាងក្នុងទីសក្ការៈនៃវិហាររបស់ព្រះបាល។
26 ពួកគេយកស្តូបនៅក្នុងវិហាររបស់ព្រះបាលចេញមកដុតនៅខាងក្រៅ។
27 ក្រោយពីបានដុតបំផ្លាញស្តូបរបស់ព្រះបាលចោលហើយ ពួកគេរំលំវិហាររបស់ព្រះបាល រួចយកទីនោះធ្វើជាកន្លែងបន្ទោរបង់រហូតដល់សព្វថ្ងៃ។
28 ព្រះបាទយេហ៊ូវលុបបំបាត់ការគោរពព្រះបាលចេញពីស្រុកអ៊ីស្រាអែល
29 ប៉ុន្តែ ទ្រង់ពុំបានងាកចេញពីអំពើបាប ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត បាននាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្ត ដោយគោរពរូបគោមាសនៅបេតអែល និងក្រុងដាន់ឡើយ។
30 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទយេហ៊ូវថា៖ «ដោយអ្នកបានបំពេញតាមបញ្ជារបស់យើងយ៉ាងល្អត្រឹមត្រូវ ហើយអ្នកបានប្រព្រឹត្តចំពោះកូនចៅរបស់អហាប់ ស្របតាមបំណងរបស់យើងទាំងស្រុងដូច្នេះ កូនចៅរបស់អ្នកនឹងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល រហូតដល់បួនតំណ»។