២ ពង្សា‌វតារ‌ក្សត្រ 10:29-35 KHSV

29 ប៉ុន្តែ ទ្រង់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត បាន​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត ដោយ​គោរព​រូប​គោ​មាស​នៅ​បេត‌អែល និង​ក្រុង​ដាន់​ឡើយ។

30 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​យេហ៊ូវ​ថា៖ «ដោយ​អ្នក​បាន​បំពេញ​តាម​បញ្ជា​របស់​យើង​យ៉ាង​ល្អ​ត្រឹម​ត្រូវ ហើយ​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​របស់​អហាប់ ស្រប​តាម​បំណង​របស់​យើង​ទាំង​ស្រុង​ដូច្នេះ កូន​ចៅ​របស់​អ្នក​នឹង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល រហូត​ដល់​បួន​តំណ»។

31 ប៉ុន្តែ ព្រះ‌បាទ​យេហ៊ូវ​ពុំ​ព្យាយាម​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ៊ីស្រា‌អែល​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ គឺ​ទ្រង់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត បាន​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។

32 តាំង​ពី​ពេល​នោះ​មក ព្រះ‌អម្ចាស់​ចាប់​ផ្ដើម​កាត់​បន្ថយ​ទឹក​ដី​អ៊ីស្រា‌អែល។ ព្រះ‌បាទ​ហាសែល​ជា​ស្ដេច​ស្រុក​ស៊ីរី វាយ​តាម​ព្រំ‌ប្រទល់​ទាំង​ប៉ុន្មាន​ដែល​ជាប់​នឹង​ស្រុក​អ៊ីស្រា‌អែល

33 គឺ​ចាប់​តាំង​ពី​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ស្រុក​កាឡាដ​ទាំង​មូល ស្រុក​កាដ រូបេន និង​ម៉ាណា‌សេ ហើយ​ចាប់​តាំង​ពី​អារ៉ូ‌អ៊ើរ​ដែល​ស្ថិត​នៅ​មាត់​ស្ទឹង​អើណូន ព្រម​ទាំង​ស្រុក​កាឡាដ និង​បាសាន​ផង។

34 រីឯ​រាជ​កិច្ច​ផ្សេង​ទៀត​របស់​ព្រះ‌បាទ​យេហ៊ូវ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ ព្រម​ទាំង​វីរ‌ភាព​ដ៏​អង់‌អាច​គ្រប់​យ៉ាង​របស់​ស្ដេច សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

35 ព្រះ‌បាទ​យេហ៊ូវ​សោយ‌ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​សាម៉ារី ហើយ​ព្រះ‌បាទ​យ៉ូអា‌ហាស ជា​បុត្រ ឡើង​ស្នង​រាជ្យ។