២ ពង្សា‌វតារ‌ក្សត្រ 10:3-9 KHSV

3 ចូរ​ជ្រើស​តាំង​បុត្រ​ណា​មួយ​ដែល​ប្រសើរ​ជាង​គេ ឲ្យ​ឡើង​គ្រង​រាជ្យ​ជំនួស​បិតា ហើយ​ត្រៀម​ខ្លួន​ប្រយុទ្ធ​ការពារ​រាជ‌វង្ស នៃ​ម្ចាស់​របស់​អស់​លោក​ទៅ»។

4 ពួក​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ថា៖ «ស្ដេច​ទាំង​ពីរ​អង្គ​នោះ​ពុំ​អាច​តទល់​នឹង​លោក​យេហ៊ូវ​ផង ចុះ​ទំរាំ​បើ​យើង​វិញ តើ​យើង​អាច​តទល់​នឹង​លោក​ដូច​ម្ដេច​បាន?»។

5 អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​វាំង ចៅហ្វាយ​ក្រុង ពួក​ព្រឹទ្ធា‌ចារ្យ និង​ពួក​គ្រូ​បាធ្យាយ ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​យេហ៊ូវ​ថា៖ «យើង​ខ្ញុំ​ប្របាទ​ជា​អ្នក​បម្រើ​របស់​លោក​ម្ចាស់ យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​អ្វីៗ​ទាំង​អស់ តាម​តែ​លោក​ម្ចាស់​បង្គាប់។ យើង​ខ្ញុំ​មិន​ជ្រើស​តាំង​នរណា​ម្នាក់​ជា​ស្ដេច​ទេ សូម​លោក​ម្ចាស់​ប្រព្រឹត្ត​តាម​តែ​លោក​ម្ចាស់​យល់​ឃើញ​ថា​ល្អ​ចុះ!»។

6 លោក​យេហ៊ូវ​ធ្វើ​សារ​មួយ​ទៀត​ផ្ញើ​ជូន​អស់​លោក​ទាំង​នោះ មាន​សេចក្ដី​ដូច​ត​ទៅ៖ «ប្រសិន​បើ​អស់​លោក​ចូល​មក​ខាង​ខ្ញុំ និង​ស្ដាប់​តាម​បញ្ជា​របស់​ខ្ញុំ ចូរ​កាត់​ក​បុត្រា​ទាំង​អស់​របស់​ម្ចាស់​អស់​លោក ហើយ​យក​ក្បាល​មក​ឲ្យ​ខ្ញុំ​នៅ​ក្រុង​យេសរាល នា​ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ!»។ ពេល​នោះ បុត្រា​ទាំង​ចិត‌សិប​អង្គ​រស់​នៅ​តាម​ផ្ទះ​របស់​នាម៉ឺន​ធំៗ ក្នុង​ក្រុង​សាម៉ារី ហើយ​លោក​ទាំង​នោះ​ចិញ្ចឹម​ពួក​គេ។

7 ពេល​ពួក​មេ​ដឹក​នាំ​នៃ​ក្រុង​សាម៉ារី​ទទួល​សារ​របស់​លោក​យេហ៊ូវ គេ​នាំ​គ្នា​ចាប់​បុត្រា​របស់​ស្ដេច​ទាំង​ចិត‌សិប​អង្គ​នោះ មក​កាត់​ក យក​ក្បាល​ដាក់​ក្នុង​កព្ឆោ នាំ​ទៅ​ជូន​លោក​យេហ៊ូវ​នៅ​ក្រុង​យេសរាល។

8 អ្នក​នាំ​សារ​ម្នាក់​រត់​ទៅ​ជម្រាប​លោក​យេហ៊ូវ​ថា គេ​នាំ​ក្បាល​របស់​កូន​ស្ដេច​មក​ហើយ។ លោក​យេហ៊ូវ​បញ្ជា​ថា៖ «ចូរ​យក​ក្បាល​ទាំង​នោះ​ទៅ​ដាក់​ជា​ពីរ​គំនរ នៅ​ត្រង់​មាត់​ទ្វារ​ក្រុង រហូត​ដល់​ព្រឹក​ស្អែក»។

9 លុះ​ព្រឹក​ឡើង លោក​យេហ៊ូវ​ចេញ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង ហើយ​ប្រកាស​ប្រាប់​ប្រជា‌ជន​ទាំង​មូល​ថា៖ «អ្នក​រាល់​គ្នា​គ្មាន​ទោស​អ្វី​ទេ! គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច ព្រម​ទាំង​ធ្វើ​គុត​ស្ដេច​ទៀត​ផង។ រីឯ​អ្នក​ទាំង​នេះ​វិញ តើ​នរណា​ជា​អ្នក​សម្លាប់?