8 អ្នកនាំសារម្នាក់រត់ទៅជម្រាបលោកយេហ៊ូវថា គេនាំក្បាលរបស់កូនស្ដេចមកហើយ។ លោកយេហ៊ូវបញ្ជាថា៖ «ចូរយកក្បាលទាំងនោះទៅដាក់ជាពីរគំនរ នៅត្រង់មាត់ទ្វារក្រុង រហូតដល់ព្រឹកស្អែក»។
9 លុះព្រឹកឡើង លោកយេហ៊ូវចេញទៅឈរនៅមាត់ទ្វារក្រុង ហើយប្រកាសប្រាប់ប្រជាជនទាំងមូលថា៖ «អ្នករាល់គ្នាគ្មានទោសអ្វីទេ! គឺខ្ញុំទេតើដែលបានបះបោរប្រឆាំងនឹងស្ដេច ព្រមទាំងធ្វើគុតស្ដេចទៀតផង។ រីឯអ្នកទាំងនេះវិញ តើនរណាជាអ្នកសម្លាប់?
10 ដូច្នេះ សូមអ្នករាល់គ្នាជ្រាបថា ព្រះបន្ទូលទាំងប៉ុន្មានដែលព្រះអម្ចាស់ថ្លែងប្រឆាំងនឹងរាជវង្សរបស់ស្ដេចអហាប់ សុទ្ធតែបានសម្រេចឥតខ្វះត្រង់ណាឡើយ! ព្រះអម្ចាស់បានសម្រេចតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអង្គមានព្រះបន្ទូលតាមរយៈលោកអេលីយ៉ា ជាអ្នកបម្រើរបស់ព្រះអង្គ»។
11 លោកយេហ៊ូវប្រហារជីវិតញាតិវង្សរបស់ព្រះបាទអហាប់ ដែលនៅសេសសល់ក្នុងក្រុងយេសរាល ព្រមទាំងពួកនាម៉ឺនធំៗ អស់អ្នកដែលជិតស្និទ្ធនឹងស្ដេច ពួកបូជាចារ្យរបស់ស្ដេច ដោយពុំទុកនរណាម្នាក់ឲ្យរួចជីវិតឡើយ។
12 បន្ទាប់មក លោកយេហ៊ូវក្រោកឡើង ធ្វើដំណើរទៅកាន់ក្រុងសាម៉ារី។ ពេលធ្វើដំណើរទៅដល់សាលាសំណាក់របស់ពួកគង្វាល
13 លោកបានជួបនឹងបងប្អូនរបស់ព្រះបាទអហាស៊ីយ៉ា ជាស្ដេចស្រុកយូដា។ លោកសួរពួកគេថា៖ «តើអស់លោកជានរណាដែរ?»។ ពួកគេឆ្លើយថា៖ «ពួកយើងជាបងប្អូនរបស់ព្រះបាទអហាស៊ីយ៉ា ពួកយើងនាំគ្នាចុះមកធ្វើគារវកិច្ចចំពោះបុត្ររបស់ព្រះមហាក្សត្រ និងបុត្ររបស់ព្រះមហាក្សត្រិយានី»។
14 លោកយេហ៊ូវបញ្ជាថា៖ «ចូរចាប់ពួកគេទាំងរស់!»។ គេក៏ចាប់អ្នកទាំងនោះ ទាំងរស់ នាំយកទៅសម្លាប់ ហើយបោះសាកសពទៅក្នុងអណ្ដូងទឹកនៃសាលាសំណាក់នោះ។ អ្នកទាំងនោះមានគ្នាចំនួនសែសិបពីរនាក់ លោកយេហ៊ូវឥតទុកនរណាម្នាក់ឲ្យរត់រួចឡើយ។