២ ពង្សា‌វតារ‌ក្សត្រ 11:9-15 KHSV

9 ពួក​មេ‌ទ័ព​នាំ​គ្នា​ធ្វើ​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា ម្នាក់ៗ​នាំ​កូន​ទាហាន​របស់​ខ្លួន ទាំង​អ្នក​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​សប្ប័ទ ទាំង​អ្នក​មិន​ត្រូវ​វេន​យាម ហើយ​ទៅ​ជួប​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា។

10 លោក​បូជា‌ចារ្យ​ចែក​លំពែង ព្រម​ទាំង​ខែល​របស់​ព្រះ‌បាទ​ដាវីឌ ដែល​តម្កល់​ទុក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ជូន​ពួក​មេ‌ទ័ព​ទាំង​នោះ។

11 ពល​ទាហាន​ប្រដាប់​អាវុធ​គ្រប់ៗ​ដៃ ឈរ​យាម​នៅ​មុខ​ព្រះ‌ដំណាក់ និង​នៅ​ជិត​អាសនៈ​ចាប់​ពី​ប៉ែក​ខាង​ស្ដាំ​រហូត​ដល់​ប៉ែក​ខាង​ឆ្វេង​ព្រះ‌ដំណាក់ ដើម្បី​ការ‌ពារ​ព្រះ​មហា‌ក្សត្រ។

12 ពេល​នោះ លោក​បូជា‌ចារ្យ​យាង​ព្រះ​រាជ‌បុត្រ​របស់​ស្ដេច​ចេញ​មក ហើយ​យក​មកុដ​រាជ្យ​មក​បំពាក់ ព្រម​ទាំង​ថ្វាយ​ឯក‌សារ​នៃ​សម្ពន្ធ‌មេត្រី​ផង រួច​គេ​ចាក់​ប្រេង​អភិ‌សេក​រាជ‌កុមារ​តែង‌តាំង​ជា​ស្ដេច។ គេ​នាំ​គ្នា​ទះ​ដៃ​ស្រែក​ជយ‌ឃោស​ថា៖ «ជយោ! ព្រះ​មហា‌ក្សត្រ!»។

13 កាល​ព្រះ‌នាង​អថា‌លា​ឮ​សម្រែក​ពល​ទាហាន និង​ប្រជា‌ជន ព្រះ‌នាង​ក៏​យាង​ទៅ​មើល​ពួក​គេ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

14 ព្រះ‌នាង​ទត​ឃើញ​ព្រះ​មហា‌ក្សត្រ​ថ្មី ឈរ​នៅ​លើ​វេទិកា តាម​ទំនៀម‌ទម្លាប់ ដោយ​មាន​មេ‌ទ័ព និង​អ្នក​ផ្លុំ​ត្រែ​ឈរ​អម​ផង។ ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អប‌អរ​សាទរ ហើយ​គេ​ក៏​ផ្លុំ​ត្រែ​ឡើង។ ព្រះ‌នាង​អថា‌លា​ហែក​ព្រះ‌ភូសា ស្រែក​ថា៖ «នេះ​ជា​អំពើ​ក្បត់! នេះ​ជា​អំពើ​ក្បត់!»។

15 លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​បញ្ជា​ពួក​មេ‌ទ័ព​ដែល​គ្រប់‌គ្រង​លើ​ពល​ទ័ព​ថា៖ «ចូរ​នាំ​ព្រះ‌នាង​ចេញ​ទៅ​ក្រៅ! បើ​នរណា​គាំទ្រ​ព្រះ‌នាង ចូរ​សម្លាប់​ដោយ​មុខ​ដាវ​ទៅ!»។ លោក​បូជា‌ចារ្យ​មាន​ប្រសាសន៍​ទៀត​ថា៖ «មិន​ត្រូវ​ប្រហារ​ជីវិត​ព្រះ‌នាង​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឡើយ!»។