1 គឺនៅឆ្នាំទីប្រាំពីរក្នុងរជ្ជកាលព្រះបាទយេហ៊ូវ ជាស្ដេចស្រុកអ៊ីស្រាអែល ទ្រង់សោយរាជ្យបានសែសិបឆ្នាំ នៅក្រុងយេរូសាឡឹម។ រីឯមាតារបស់ស្ដេចមាននាមថា ស៊ីបយ៉ា ជាអ្នកស្រុកបៀរសេបា។
2 ព្រះបាទយ៉ូអាសប្រព្រឹត្តអំពើសុចរិតជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ អស់មួយជីវិត ដូចលោកបូជាចារ្យយេហូយ៉ាដាបានបង្ហាត់បង្រៀន។
3 ប៉ុន្តែ ស្ដេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ។ ប្រជាជននៅតែថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូប តាមទួលខ្ពស់ៗដដែល។
4 ព្រះបាទយ៉ូអាសមានរាជឱង្ការទៅកាន់ពួកបូជាចារ្យថា៖ «ចំពោះប្រាក់ទាំងប៉ុន្មានដែលគេយកមកថ្វាយជាតង្វាយ ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺប្រាក់ដែលប្រជាជនយកមកបង់ពន្ធសម្រាប់ព្រះដំណាក់ ប្រាក់បានមកពីតង្វាយលោះមនុស្ស ស្របតាមការវាយតម្លៃ និងតង្វាយស្ម័គ្រចិត្ត ដែលគេយកមកថ្វាយព្រះដំណាក់របស់ព្រះអម្ចាស់
5 នោះឲ្យក្រុមបូជាចារ្យទទួលយក គឺម្នាក់ៗត្រូវទទួលយកចំណែករបស់ខ្លួនពីអ្នកដែលខ្លួនស្គាល់ ដើម្បីជួសជុលកន្លែងបាក់បែកទាំងប៉ុន្មាននៅក្នុងព្រះដំណាក់ ដែលគេយល់ថាចាំបាច់គួរតែជួសជុល»។
6 ប៉ុន្តែ រហូតមកដល់ឆ្នាំទីម្ភៃបីនៃរជ្ជកាលព្រះបាទយ៉ូអាស ក្រុមបូជាចារ្យពុំទាន់បានជួសជុលកន្លែងបាក់បែកក្នុងព្រះដំណាក់នៅឡើយទេ។
7 ព្រះបាទយ៉ូអាសកោះហៅលោកបូជាចារ្យយេហូយ៉ាដា ព្រមទាំងបូជាចារ្យឯទៀតៗមក រួចមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអស់លោកមិនជួសជុលកន្លែងបាក់បែកក្នុងព្រះដំណាក់? ចាប់ពីពេលនេះតទៅ អស់លោកមិនត្រូវទទួលប្រាក់ពីអ្នកស្គាល់ទៀតឡើយ តែត្រូវបង្វិលប្រាក់នេះសម្រាប់ការជួសជុលព្រះដំណាក់វិញ»។