២ ពង្សា‌វតារ‌ក្សត្រ 12:11-17 KHSV

11 បន្ទាប់​មក លោក​ប្រគល់​ប្រាក់​នោះ​ឲ្យ​ពួក​មេ​ជាង​ដែល​ទទួល​បន្ទុក​លើ​ការ‌ងារ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ គេ​ប្រើ​ប្រាក់​នោះ​សម្រាប់​ជួល​ជាង​ឈើ និង​ជាង​សំណង់​ដែល​ត្រូវ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់

12 ព្រម​ទាំង​ជួល​ជាង​កំបោរ ជាង​ដាប់​ថ្ម ហើយ​ទិញ​ឈើ និង​ថ្ម‌ដាប់​សម្រាប់​ជួស‌ជុល​កន្លែង​បាក់​បែក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ប្រាក់​នេះ​ក៏​ប្រើ​សម្រាប់​ការ​ចំណាយ​គ្រប់​ប្រភេទ ក្នុង​ការ​ជួស‌ជុល​ព្រះ‌ដំណាក់​ឡើង​វិញ។

13 ប៉ុន្តែ គេ​ពុំ​បាន​ប្រើ​ប្រាក់​ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទៅ​ធ្វើ​ពាន​ប្រាក់ កាំបិត ថូ ត្រែ ឬ​ប្រដាប់‌ប្រដា​អ្វី​ផ្សេង​ទៀត​អំពី​មាស ប្រាក់ សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឡើយ។

14 គេ​ប្រគល់​ប្រាក់​នេះ​ឲ្យ​អស់​អ្នក​ដែល​ទទួល​បន្ទុក​លើ​ការ‌ងារ សម្រាប់​ប្រើ‌ប្រាស់​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

15 គេ​ពុំ​បាន​ត្រួត​ពិនិត្យ​អស់​អ្នក​ដែល​យក​ប្រាក់​នោះ​ទៅ​បើក​ឲ្យ​ពួក​ជាង​ទេ ដ្បិត​ពួក​គេ​ធ្វើ​ការ​នេះ​ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ​បំផុត។

16 រីឯ​ប្រាក់​តង្វាយ​ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​ជា​យញ្ញ‌បូជា​សុំ​លើក‌លែង​ទោស និង​យញ្ញ‌បូជា​រំដោះ​បាប គេ​ពុំ​បាន​ទុក​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ទេ គឺ​ប្រាក់​នោះ​ត្រូវ​បាន​ជា​ចំណែក​របស់​ពួក​បូជា‌ចារ្យ​វិញ។

17 នៅ​គ្រា​នោះ ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី ឡើង​មក​វាយ និង​ដណ្ដើម​យក​បាន​ក្រុង​កាថ។ បន្ទាប់​មក ព្រះ‌បាទ​ហាសែល​លើក​ទ័ព​តម្រង់​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម​ទៀត។