13 ប៉ុន្តែ គេពុំបានប្រើប្រាក់ដែលប្រជាជនយកមកថ្វាយក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ទៅធ្វើពានប្រាក់ កាំបិត ថូ ត្រែ ឬប្រដាប់ប្រដាអ្វីផ្សេងទៀតអំពីមាស ប្រាក់ សម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ឡើយ។
14 គេប្រគល់ប្រាក់នេះឲ្យអស់អ្នកដែលទទួលបន្ទុកលើការងារ សម្រាប់ប្រើប្រាស់ជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់។
15 គេពុំបានត្រួតពិនិត្យអស់អ្នកដែលយកប្រាក់នោះទៅបើកឲ្យពួកជាងទេ ដ្បិតពួកគេធ្វើការនេះដោយចិត្តស្មោះស្ម័គ្របំផុត។
16 រីឯប្រាក់តង្វាយដែលប្រជាជនយកមកថ្វាយជាយញ្ញបូជាសុំលើកលែងទោស និងយញ្ញបូជារំដោះបាប គេពុំបានទុកសម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ទេ គឺប្រាក់នោះត្រូវបានជាចំណែករបស់ពួកបូជាចារ្យវិញ។
17 នៅគ្រានោះ ព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី ឡើងមកវាយ និងដណ្ដើមយកបានក្រុងកាថ។ បន្ទាប់មក ព្រះបាទហាសែលលើកទ័ពតម្រង់ឆ្ពោះទៅក្រុងយេរូសាឡឹមទៀត។
18 ព្រះបាទយ៉ូអាសស្ដេចស្រុកយូដា ប្រមូលវត្ថុមានតម្លៃទាំងប៉ុន្មាន នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងនៅក្នុងវាំង ជាវត្ថុដែលស្ដេចស្រុកយូដា ជាអយ្យកោ គឺព្រះបាទយ៉ូសាផាត ព្រះបាទយ៉ូរ៉ាម និងព្រះបាទអហាស៊ីយ៉ា បានថ្វាយជាតង្វាយ ព្រមទាំងវត្ថុដែលស្ដេចផ្ទាល់បានថ្វាយជាតង្វាយ ហើយចាត់គេឲ្យនាំយកទៅថ្វាយព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី។ ហេតុនេះ ស្ដេចក្រុងស៊ីរីក៏ដកទ័ពថយ ឈប់វាយក្រុងយេរូសាឡឹម។
19 រីឯរាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូអាស និងអ្វីៗទាំងអស់ដែលស្ដេចបានធ្វើ សុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។