២ ពង្សា‌វតារ‌ក្សត្រ 12:7-13 KHSV

7 ព្រះ‌បាទ​យ៉ូអាស​កោះ​ហៅ​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា ព្រម​ទាំង​បូជា‌ចារ្យ​ឯ​ទៀតៗ​មក រួច​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​អស់​លោក​មិន​ជួស‌ជុល​កន្លែង​បាក់‌បែក​ក្នុង​ព្រះ‌ដំណាក់? ចាប់​ពី​ពេល​នេះ​ត​ទៅ អស់​លោក​មិន​ត្រូវ​ទទួល​ប្រាក់​ពី​អ្នក​ស្គាល់​ទៀត​ឡើយ តែ​ត្រូវ​បង្វិល​ប្រាក់​នេះ​សម្រាប់​ការ​ជួស‌ជុល​ព្រះ‌ដំណាក់​វិញ»។

8 ដូច្នេះ ពួក​បូជា‌ចារ្យ​ក៏​ឈប់​ទទួល​ប្រាក់​ពី​ប្រជា‌ជន និង​លែង​ទទួល​បន្ទុក​លើ​ការ​ជួស‌ជុល​ព្រះ‌ដំណាក់​ទៀត។

9 លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​យក​ហិប​មួយ​ចោះ​រន្ធ​លើ​គម្រប រួច​ដាក់​នៅ​ខាង​ស្ដាំ​អាសនៈ ត្រង់​មាត់​ទ្វារ​ចូល​ព្រះ‌ដំណាក់។ ពួក​បូជា‌ចារ្យ​ជា​អ្នក​យាម​នៅ​មាត់​ទ្វារ ដាក់​ប្រាក់​ទាំង​អស់​ដែល​គេ​យក​មក​ថ្វាយ​ព្រះ‌ដំណាក់ ក្នុង​ហិប​នោះ។

10 កាល​ណា​គេ​ឃើញ​មាន​ប្រាក់​ច្រើន​នៅ​ក្នុង​ហិប​ហើយ លោក​ស្មៀន​ហ្លួង និង​មហា​បូជា‌ចារ្យ​ក៏​មក​ទទួល​ប្រាក់​នៅ​ក្នុង​ព្រះ‌ដំណាក់​យក​ទៅ​រាប់ រួច​ទុក​ក្នុង​ថង់​មួយ។

11 បន្ទាប់​មក លោក​ប្រគល់​ប្រាក់​នោះ​ឲ្យ​ពួក​មេ​ជាង​ដែល​ទទួល​បន្ទុក​លើ​ការ‌ងារ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ គេ​ប្រើ​ប្រាក់​នោះ​សម្រាប់​ជួល​ជាង​ឈើ និង​ជាង​សំណង់​ដែល​ត្រូវ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់

12 ព្រម​ទាំង​ជួល​ជាង​កំបោរ ជាង​ដាប់​ថ្ម ហើយ​ទិញ​ឈើ និង​ថ្ម‌ដាប់​សម្រាប់​ជួស‌ជុល​កន្លែង​បាក់​បែក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ប្រាក់​នេះ​ក៏​ប្រើ​សម្រាប់​ការ​ចំណាយ​គ្រប់​ប្រភេទ ក្នុង​ការ​ជួស‌ជុល​ព្រះ‌ដំណាក់​ឡើង​វិញ។

13 ប៉ុន្តែ គេ​ពុំ​បាន​ប្រើ​ប្រាក់​ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទៅ​ធ្វើ​ពាន​ប្រាក់ កាំបិត ថូ ត្រែ ឬ​ប្រដាប់‌ប្រដា​អ្វី​ផ្សេង​ទៀត​អំពី​មាស ប្រាក់ សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឡើយ។