២ ពង្សា‌វតារ‌ក្សត្រ 13:1-7 KHSV

1 នៅ​ឆ្នាំ​ទី​ម្ភៃ​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​យ៉ូអា‌ហាស ជា​បុត្រ​របស់​ព្រះ‌បាទ​យេហ៊ូវ បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ទ្រង់​សោយ‌រាជ្យ​បាន​ដប់​ប្រាំ‌ពីរ​ឆ្នាំ។

2 ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ គឺ​ទ្រង់​ប្រព្រឹត្ត​អំពើ​បាប​ដូច​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ដែល​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ ស្ដេច​មិន​ងាក​ចេញ​ពី​ផ្លូវ​នោះ​ទេ។

3 ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី និង​ព្រះ‌បាទ​បេនហា‌ដាដ ជា​បុត្រ​របស់​ព្រះ‌បាទ​ហា‌សែល ក្នុង​អំឡុង​ពេល​ដ៏​យូរ។

4 ប៉ុន្តែ ព្រះ‌បាទ​យ៉ូអា‌ហាស​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​នេះ ដ្បិត​ព្រះ‌អង្គ​ទត​ឃើញ​ស្ដេច​ស្រុក​ស៊ីរី​ជិះ‌ជាន់​សង្កត់‌សង្កិន​ប្រជា‌ជន​អ៊ីស្រា‌អែល

5 ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​មាន​អ្នក​ដឹក​នាំ​មួយ​រូប​មក​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ស៊ីរី និង​ឲ្យ​ពួក​គេ​រស់​នៅ​ដោយ​សុខ‌សាន្ត​ក្នុង​ស្រុក​របស់​ខ្លួន​ដូច​កាល​ពី​មុន។

6 ប៉ុន្តែ ពួក​គេ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​រាជ‌វង្ស​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​នោះ​ត​ទៅ​ទៀត គឺ​សូម្បី​តែ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា​ក៏​មាន​នៅ​ក្នុង​ក្រុង​សាម៉ារី​ដែរ។

7 កង‌ទ័ព​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស​មាន​នៅ​សល់​ត្រឹម​តែ​ទ័ព​សេះ​ហា‌សិប​នាក់ រទេះ​ចំបាំង​ដប់ និង​កង‌ពល​ថ្មើរ​ជើង​មួយ​ម៉ឺន​នាក់​ប៉ុណ្ណោះ ដ្បិត​ស្ដេច​ស្រុក​ស៊ីរី​បាន​បំផ្លាញ​ស្ទើរ​តែ​ទាំង​អស់ ទុក​ទ័ព​ឲ្យ​នៅ​សេស‌សល់​បន្តិច‌បន្តួច ប្រៀប​ដូច​ជា​ធូលី​ដែល​គេ​ដើរ​ជាន់។