២ ពង្សា‌វតារ‌ក្សត្រ 13:13-19 KHSV

13 កាល​ព្រះ‌បាទ​យ៉ូអាស​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជ‌វង្ស​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​នៅ​ក្រុង​សាម៉ារី ហើយ​ព្រះ‌បាទ​យេរ៉ូ‌បោម​ឡើង​ស្នង​រាជ្យ។

14 នៅ​គ្រា​នោះ លោក​អេលីសេ​មាន​ជំងឺ​ជា​ទម្ងន់ ហៀប​នឹង​ស្លាប់។ ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល យាង​មក​សួរ​សុខ​ទុក្ខ​លោក ស្ដេច​យំ​សម្រក់​ទឹក​ភ្នែក​លើ​មុខ​លោក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «លោក​ឪពុក! លោក​ឪពុក​អើយ លោក​ប្រៀប​ដូច​ជា​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​អ៊ីស្រា‌អែល!»។

15 លោក​អេលីសេ​ទូល​ព្រះ‌រាជា​ថា៖ «សូម​ព្រះ‌ករុណា​យក​ធ្នូ និង​ព្រួញ​មក!»។ ស្ដេច​ក៏​យក​ធ្នូ និង​ព្រួញ​មក​កាន់។

16 ព្យាការី​ទូល​ព្រះ‌រាជា​ថា៖ «សូម​ព្រះ‌ករុណា​លើក​ធ្នូ​ឡើង​យឹត​ទៅ!»។ ព្រះ‌រាជា​ក៏​លើក​ធ្នូ​ឡើង ហើយ​យឹត។ លោក​អេលីសេ​ដាក់​ដៃ​លើ​ព្រះ‌ហស្ដ​ស្ដេច

17 រួច​ទូល​ថា៖ «សូម​ព្រះ‌ករុណា​បើក​បង្អួច​ដែល​បែរ​ទៅ​ទិស​ខាង​កើត!»។ ព្រះ‌បាទ​យ៉ូអាស​ក៏​បើក​បង្អួច​នោះ។ លោក​អេលីសេ​ទូល​ថា៖ «សូម​បាញ់​ទៅ!» ស្ដេច​ក៏​បាញ់។ លោក​អេលីសេ​ទូល​ថា៖ «នេះ​ជា​ព្រួញ​ជ័យ‌ជំនះ​មក​ពី​ព្រះ‌អម្ចាស់ គឺ​ព្រួញ​ជ័យ‌ជំនះ​លើ​ជន‌ជាតិ​ស៊ីរី។ ព្រះ‌ករុណា​នឹង​ប្រហារ​កង‌ទ័ព​ស៊ីរី​នៅ​ក្រុង​អាផែក រហូត​ដល់​ពួក​គេ​វិនាស​សូន្យ»។

18 លោក​អេលីសេ​ទូល​ព្រះ‌រាជា​ទៀត​ថា៖ «សូម​យក​ព្រួញ​ទាំង​នោះ​មក!»។ ស្ដេច​ក៏​យក​ព្រួញ​ទាំង​នោះ​មក​កាន់។ ព្យាការី​ទូល​ថា៖ «សូម​វាយ​លើ​ដី!» ស្ដេច​វាយ​លើ​ដី​បី​ដង ហើយ​ឈប់។

19 អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ក្រេវ‌ក្រោធ​នឹង​ព្រះ‌រាជា ហើយ​ទូល​ថា៖ «គួរ​តែ​វាយ​ឲ្យ​បាន​ប្រាំ ឬ​ប្រាំ​មួយ​ដង នោះ​ព្រះ‌ករុណា​ពិត​ជា​ច្បាំង​ឈ្នះ​ជន‌ជាតិ​ស៊ីរី រហូត​ដល់​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​សូន្យ។ ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌ករុណា​វាយ​ពួក​គេ​ឈ្នះ​បាន​ត្រឹម​តែ​បី​ដង​ប៉ុណ្ណោះ»។