២ ពង្សា‌វតារ‌ក្សត្រ 13:18-24 KHSV

18 លោក​អេលីសេ​ទូល​ព្រះ‌រាជា​ទៀត​ថា៖ «សូម​យក​ព្រួញ​ទាំង​នោះ​មក!»។ ស្ដេច​ក៏​យក​ព្រួញ​ទាំង​នោះ​មក​កាន់។ ព្យាការី​ទូល​ថា៖ «សូម​វាយ​លើ​ដី!» ស្ដេច​វាយ​លើ​ដី​បី​ដង ហើយ​ឈប់។

19 អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ក្រេវ‌ក្រោធ​នឹង​ព្រះ‌រាជា ហើយ​ទូល​ថា៖ «គួរ​តែ​វាយ​ឲ្យ​បាន​ប្រាំ ឬ​ប្រាំ​មួយ​ដង នោះ​ព្រះ‌ករុណា​ពិត​ជា​ច្បាំង​ឈ្នះ​ជន‌ជាតិ​ស៊ីរី រហូត​ដល់​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​សូន្យ។ ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌ករុណា​វាយ​ពួក​គេ​ឈ្នះ​បាន​ត្រឹម​តែ​បី​ដង​ប៉ុណ្ណោះ»។

20 បន្ទាប់​មក លោក​អេលីសេ​ទទួល​មរណ‌ភាព ហើយ​គេ​ក៏​យក​សព​លោក​ទៅ​បញ្ចុះ។ជា​រៀង​រាល់​ឆ្នាំ ទាហាន​ជន‌ជាតិ​ម៉ូអាប់​តែងតែ​ចូល​មក​ទន្ទ្រាន​ក្នុង​ស្រុក។

21 ថ្ងៃ​មួយ អ្នក​ស្រុក​បាន​យក​សព​មនុស្ស​ម្នាក់​ទៅ​បញ្ចុះ ស្រាប់​តែ​ជួប​ប្រទះ​នឹង​ទាហាន​ជន‌ជាតិ​ម៉ូអាប់ ពួក​គេ​ក៏​បោះ​សព​នោះ​ក្នុង​ផ្នូរ​របស់​ព្យាការី។ ពេល​សព​នោះ​ធ្លាក់​ទៅ​ប៉ះ​លើ​ធាតុ​របស់​លោក​អេលីសេ គេ​ក៏​រស់​ឡើង​វិញ ហើយ​ក្រោក​ឈរ។

22 ក្នុង​រជ្ជកាល​ព្រះ‌បាទ​យ៉ូអា‌ហាស ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី តែងតែ​ជិះ‌ជាន់​សង្កត់‌សង្កិន​ជន‌ជាតិ​អ៊ីស្រា‌អែល​ជា‌និច្ច។

23 ប៉ុន្តែ ព្រះ‌អម្ចាស់​ប្រណី​សន្ដោស​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ព្រះ‌អង្គ​អាណិត​អាសូរ និង​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ចំពោះ​ពួក​គេ ដោយ​យល់​ដល់​សម្ពន្ធ‌មេត្រី ដែល​ព្រះ‌អង្គ​បាន​ចង​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​បំផ្លាញ​ពួក​គេ​ទេ ហើយ​រហូត​ដល់​ពេល​នេះ ព្រះ‌អង្គ​ក៏​មិន​បោះ‌បង់​ចោល​ពួក​គេ​ឲ្យ​ទៅ​ឆ្ងាយ​ពី​ព្រះ‌អង្គ​ដែរ។

24 ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី សោយ​ទិវង្គត ហើយ​ព្រះ‌បាទ​បេនហា‌ដាដ ជា​បុត្រ ឡើង​ស្នង​រាជ្យ។