16 កាលព្រះបាទយ៉ូអាសសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូរ នៃរាជវង្សរបស់ស្ដេចស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ហើយព្រះបាទយេរ៉ូបោម ជាបុត្រ ក៏ឡើងស្នងរាជ្យ។
17 ក្រោយពីព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាហាស ស្ដេចស្រុកអ៊ីស្រាអែល សោយទិវង្គត ព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាស ស្ដេចស្រុកយូដា មានព្រះជន្មគង់នៅបានដប់ប្រាំវស្សាទៀត។
18 រាជកិច្ចផ្សេងៗរបស់ព្រះបាទអម៉ាស៊ីយ៉ាសុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
19 នៅក្រុងយេរូសាឡឹម មានមនុស្សឃុបឃិតគ្នាក្បត់ព្រះបាទអម៉ាស៊ីយ៉ា ដូច្នេះ ស្ដេចក៏ភៀសខ្លួនទៅឯក្រុងឡាគីស តែពួកគេចាត់មនុស្សឲ្យដេញតាមព្រះរាជា រហូតដល់ក្រុងឡាគីសទៀត ហើយធ្វើគុតស្ដេចនៅទីនោះ។
20 គេយកសពរបស់ព្រះបាទអម៉ាស៊ីយ៉ាដាក់លើខ្នងសេះ នាំមកបញ្ចុះនៅក្រុងយេរូសាឡឹម ក្នុងផ្នូរនៃរាជវង្ស នៅបុរីព្រះបាទដាវីឌ។
21 ប្រជាជននៅស្រុកយូដាទាំងមូលនាំគ្នាលើកព្រះបាទអសារា ដែលមានព្រះជន្មដប់ប្រាំមួយវស្សា ឲ្យឡើងគ្រងរាជ្យតពីព្រះបាទអម៉ាស៊ីយ៉ា ជាបិតា។
22 ក្រោយពេលព្រះបាទអម៉ាស៊ីយ៉ាសោយទិវង្គត ព្រះបាទអសារាសង់ក្រុងអេឡាតឡើងវិញ ហើយដាក់ឲ្យនៅក្រោមការគ្រប់គ្រងរបស់ស្រុកយូដា។