20 គេយកសពរបស់ព្រះបាទអម៉ាស៊ីយ៉ាដាក់លើខ្នងសេះ នាំមកបញ្ចុះនៅក្រុងយេរូសាឡឹម ក្នុងផ្នូរនៃរាជវង្ស នៅបុរីព្រះបាទដាវីឌ។
21 ប្រជាជននៅស្រុកយូដាទាំងមូលនាំគ្នាលើកព្រះបាទអសារា ដែលមានព្រះជន្មដប់ប្រាំមួយវស្សា ឲ្យឡើងគ្រងរាជ្យតពីព្រះបាទអម៉ាស៊ីយ៉ា ជាបិតា។
22 ក្រោយពេលព្រះបាទអម៉ាស៊ីយ៉ាសោយទិវង្គត ព្រះបាទអសារាសង់ក្រុងអេឡាតឡើងវិញ ហើយដាក់ឲ្យនៅក្រោមការគ្រប់គ្រងរបស់ស្រុកយូដា។
23 នៅឆ្នាំទីដប់ប្រាំនៃរជ្ជកាលព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាស ស្ដេចស្រុកយូដា ព្រះបាទយេរ៉ូបោម ជាបុត្ររបស់ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល ឡើងសោយរាជ្យ នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានសែសិបមួយឆ្នាំ។
24 ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដោយពុំបានងាកចេញពីអំពើបាប ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។
25 ព្រះបាទយេរ៉ូបោមបានកំណត់ព្រំប្រទល់ទឹកដីរបស់អ៊ីស្រាអែលឡើងវិញ ចាប់តាំងពីច្រកចូលហាម៉ាត់ រហូតដល់សមុទ្រអារ៉ាបា ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ថ្លែងតាមរយៈអ្នកបម្រើរបស់ព្រះអង្គ គឺព្យាការីយ៉ូណាស ជាកូនរបស់លោកអមីថាយ ជាអ្នកស្រុកកាថ-ហេភើរ។
26 ព្រះអម្ចាស់ទតឃើញអ៊ីស្រាអែលរងនូវភាពអាម៉ាស់យ៉ាងធ្ងន់ធ្ងរ គឺទាំងអ្នកជា ទាំងអ្នកងារ ហើយគ្មាននរណាម្នាក់សង្គ្រោះពួកគេឡើយ។