២ ពង្សា‌វតារ‌ក្សត្រ 14:5-11 KHSV

5 ក្រោយ​ពី​ឡើង​គ្រង​រាជ្យ និង​ពង្រឹង​អំណាច​ហើយ ទ្រង់​ប្រហារ​ជីវិត​ពួក​មេ‌ទ័ព​ដែល​បាន​ធ្វើ​គុត​ព្រះ‌បាទ​យ៉ូអាស ជា​បិតា។

6 ប៉ុន្តែ ទ្រង់​ពុំ​បាន​ប្រហារ​ជីវិត​កូន​ចៅ​របស់​ពួក​ឃាតក​ទេ ដោយ​គោរព​តាម​ព្រះ‌បន្ទូល​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ គឺ​ព្រះ‌អម្ចាស់​បាន​បង្គាប់​ថា «មិន​ត្រូវ​ប្រហារ​ជីវិត​ឪពុក ព្រោះ​តែ​ទោស​របស់​កូន ហើយ​ក៏​មិន​ត្រូវ​ប្រហារ​ជីវិត​កូន ព្រោះ​តែ​ទោស​របស់​ឪពុក​ដែរ គឺ​ត្រូវ​ប្រហារ​ជីវិត​មនុស្ស​ម្នាក់ៗ តាម​អំពើ​បាប​ដែល​ខ្លួន​ប្រព្រឹត្ត»។

7 ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​បាន​ប្រហារ​កង‌ទ័ព​អេដុម​មួយ​ម៉ឺន​នាក់​នៅ​ជ្រលង​ភ្នំ​អំបិល ហើយ​នៅ​ពេល​ច្បាំង​គ្នា​នោះ ស្ដេច​ដណ្ដើម​យក​បាន​ក្រុង​សេឡា ដែល​ស្ដេច​ដាក់​ឈ្មោះ​ថា​ក្រុង​យុគ‌ធាល គឺ​ឈ្មោះ​ដែល​មាន​រហូត​ដល់​សព្វ​ថ្ងៃ។

8 គ្រា​នោះ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស និង​ជា​ចៅ​របស់​ព្រះ‌បាទ​យេហ៊ូវ​ថា៖ «ចូរ​ចេញ​មក យើង​ប្រយុទ្ធ​តទល់​គ្នា»។

9 ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ចាត់​មនុស្ស​ឲ្យ​មក​ទូល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា​វិញ​ថា៖ «គ្រា​មួយ​នោះ គុម្ព​បន្លា​ដែល​ដុះ​នៅ​ភ្នំ​លីបង់ ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​ដើម​តាត្រៅ​នៅ​ភ្នំ​លីបង់​ថា “ចូរ​លើក​កូន​ស្រី​របស់​អ្នក ឲ្យ​មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​យើង”។ ប៉ុន្តែ មាន​សត្វ​ព្រៃ​ដើរ​កាត់​តាម​នោះ ហើយ​ជាន់​គុម្ព​បន្លា​ខ្ទេច‌ខ្ទី​អស់។

10 ព្រះ‌ករុណា​វាយ​ឈ្នះ​ជន‌ជាតិ​អេដុម​មែន ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ករុណា​មាន​មោទន‌ភាព។ ចូរ​អបអរ​សាទរ​នឹង​ជ័យ‌ជំនះ រួច​គង់​ក្នុង​ដំណាក់​ទៅ! ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ចង់​ធ្វើ​សង្គ្រាម ដែល​បង្ក​ឲ្យ​វេទនា​ដូច្នេះ? ព្រះ‌ករុណា និង​ប្រជា‌ជន​យូដា​មុខ​ជា​បរា‌ជ័យ​មិន​ខាន»។

11 ប៉ុន្តែ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ពុំ​ព្រម​ស្ដាប់​តាម​សេចក្ដី​ព្រមាន​នេះ​ទេ។ ពេល​នោះ ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ក៏​ឡើង​មក​ប្រយុទ្ធ​តទល់​នឹង​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា នៅ​ក្រុង​បេត‌សេ‌មែស ជា​ក្រុង​របស់​យូដា។