7 ព្រះបាទអម៉ាស៊ីយ៉ាបានប្រហារកងទ័ពអេដុមមួយម៉ឺននាក់នៅជ្រលងភ្នំអំបិល ហើយនៅពេលច្បាំងគ្នានោះ ស្ដេចដណ្ដើមយកបានក្រុងសេឡា ដែលស្ដេចដាក់ឈ្មោះថាក្រុងយុគធាល គឺឈ្មោះដែលមានរហូតដល់សព្វថ្ងៃ។
8 គ្រានោះ ព្រះបាទអម៉ាស៊ីយ៉ាចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាហាស និងជាចៅរបស់ព្រះបាទយេហ៊ូវថា៖ «ចូរចេញមក យើងប្រយុទ្ធតទល់គ្នា»។
9 ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល ចាត់មនុស្សឲ្យមកទូលព្រះបាទអម៉ាស៊ីយ៉ា ជាស្ដេចស្រុកយូដាវិញថា៖ «គ្រាមួយនោះ គុម្ពបន្លាដែលដុះនៅភ្នំលីបង់ ចាត់គេឲ្យទៅប្រាប់ដើមតាត្រៅនៅភ្នំលីបង់ថា “ចូរលើកកូនស្រីរបស់អ្នក ឲ្យមកធ្វើជាប្រពន្ធរបស់កូនប្រុសយើង”។ ប៉ុន្តែ មានសត្វព្រៃដើរកាត់តាមនោះ ហើយជាន់គុម្ពបន្លាខ្ទេចខ្ទីអស់។
10 ព្រះករុណាវាយឈ្នះជនជាតិអេដុមមែន ហេតុនេះហើយបានជាព្រះករុណាមានមោទនភាព។ ចូរអបអរសាទរនឹងជ័យជំនះ រួចគង់ក្នុងដំណាក់ទៅ! ហេតុអ្វីបានជាព្រះករុណាចង់ធ្វើសង្គ្រាម ដែលបង្កឲ្យវេទនាដូច្នេះ? ព្រះករុណា និងប្រជាជនយូដាមុខជាបរាជ័យមិនខាន»។
11 ប៉ុន្តែ ព្រះបាទអម៉ាស៊ីយ៉ាពុំព្រមស្ដាប់តាមសេចក្ដីព្រមាននេះទេ។ ពេលនោះ ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល ក៏ឡើងមកប្រយុទ្ធតទល់នឹងព្រះបាទអម៉ាស៊ីយ៉ា ជាស្ដេចស្រុកយូដា នៅក្រុងបេតសេមែស ជាក្រុងរបស់យូដា។
12 កងទ័ពអ៊ីស្រាអែលវាយឈ្នះកងទ័ពយូដា ហើយពលទាហានយូដាបាក់ទ័ព រត់មកកាន់ទីលំនៅរៀងៗខ្លួនវិញ។
13 ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល ចាប់ព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាស និងជាចៅរបស់ព្រះបាទអហាស៊ីយ៉ា ធ្វើជាឈ្លើយ នៅបេតសេមែស។ បន្ទាប់មក ព្រះបាទយ៉ូអាសយាងទៅក្រុងយេរូសាឡឹម ហើយវាយបំបែកកំពែងក្រុង ចាប់តាំងពីទ្វារអេប្រាអ៊ីមរហូតដល់ទ្វារនៅជ្រុងកំពែង ដែលមានប្រវែងបួនរយហត្ថ។