២ ពង្សា‌វតារ‌ក្សត្រ 15:14-20 KHSV

14 លោក​មណា‌ហិម ជា​កូន​របស់​លោក​កាឌី បាន​ឡើង​ពី​ក្រុង​ធើសា​មក​ក្រុង​សាម៉ារី ធ្វើ​គុត​ព្រះ‌បាទ​សាលូម ជា​បុត្រ​របស់​លោក​យ៉ាបេស ហើយ​ក៏​ឡើង​សោយ​រាជ្យ​ជំនួស។

15 រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​សាលូម និង​គម្រោង‌ការ​ក្បត់ ដែល​ស្ដេច​រៀប‌ចំ​ប្រឆាំង​នឹង​ព្រះ‌បាទ​សាការី សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

16 គ្រា​នោះ ព្រះ‌បាទ​មណា‌ហិម​បាន​វាយ​យក​ក្រុង​ធីបសា និង​សម្លាប់​រង្គាល​អ្នក​ក្រុង​នោះ ព្រម​ទាំង​អ្នក​ស្រុក​ដែល​រស់​នៅ​តំបន់​ជុំ‌វិញ ចាប់​តាំង​ពី​ក្រុង​ធើសា​រហូត​មក។ ស្ដេច​វាយ​ប្រហារ​ក្រុង​នេះ ព្រោះ​គេ​មិន​បើក​ទ្វារ​ក្រុង​ទទួល​ស្ដេច។ ស្ដេច​បាន​វះ​ពោះ​ស្ត្រី​ទាំង​អស់​ដែល​មាន​គភ៌ នៅ​ក្នុង​ក្រុង​នោះ​ចោល​ផង។

17 នៅ​អំឡុង​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​អសា‌រា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​មណា‌ហិម ជា​កូន​របស់​លោក​កាឌី ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​សោយ​រាជ្យ​បាន​ដប់​ឆ្នាំ នៅ​ក្រុង​សាម៉ារី។

18 ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ ក្នុង​អំឡុង​ពេល​សោយ​រាជ្យ​នោះ ស្ដេច​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។

19 គ្រា​នោះ ព្រះ‌ចៅ​ពូល ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​វាយ​លុក​ចូល​ស្រុក​អ៊ីស្រា‌អែល តែ​ព្រះ‌បាទ​មណា‌ហិម យក​ប្រាក់​មួយ​ពាន់​ហាប​ថ្វាយ​ព្រះ‌ចៅ​ពូល សូម​ឲ្យ​ស្ដេច​នោះ​ជួយ​ពង្រឹង​អំណាច​របស់​ខ្លួន។

20 ព្រះ‌បាទ​មណា‌ហិម​ទារ​ពន្ធ​ពី​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ គឺ​ម្នាក់ៗ​ត្រូវ​បង់​ពន្ធ​ហា‌សិប​ណែន ដើម្បី​ឲ្យ​បាន​ប្រាក់​យក​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី។ ដូច្នេះ ស្ដេច​អាស្ស៊ីរី​ក៏​ចាក​ចេញ​ពី​ស្រុក​អ៊ីស្រា‌អែល វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ។