18 ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់។ ក្នុងអំឡុងពេលសោយរាជ្យនោះ ស្ដេចពុំបានងាកចេញពីអំពើបាប ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។
19 គ្រានោះ ព្រះចៅពូល ជាស្ដេចស្រុកអាស្ស៊ីរី បានវាយលុកចូលស្រុកអ៊ីស្រាអែល តែព្រះបាទមណាហិម យកប្រាក់មួយពាន់ហាបថ្វាយព្រះចៅពូល សូមឲ្យស្ដេចនោះជួយពង្រឹងអំណាចរបស់ខ្លួន។
20 ព្រះបាទមណាហិមទារពន្ធពីប្រជាជនអ៊ីស្រាអែលទាំងប៉ុន្មាន ដែលជាអ្នកមានទ្រព្យសម្បត្តិ គឺម្នាក់ៗត្រូវបង់ពន្ធហាសិបណែន ដើម្បីឲ្យបានប្រាក់យកទៅថ្វាយស្ដេចស្រុកអាស្ស៊ីរី។ ដូច្នេះ ស្ដេចអាស្ស៊ីរីក៏ចាកចេញពីស្រុកអ៊ីស្រាអែល វិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ។
21 រីឯរាជកិច្ចផ្សេងៗរបស់ព្រះបាទមណាហិម និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
22 កាលព្រះបាទមណាហិមសោយទិវង្គត ព្រះបាទពេកាហ៊ា ជាបុត្រ បានឡើងស្នងរាជ្យ។
23 នៅឆ្នាំទីហាសិបនៃរជ្ជកាលព្រះបាទអសារា ស្ដេចស្រុកយូដា ព្រះបាទពេកាហ៊ា ជាបុត្ររបស់ព្រះបាទមណាហិម បានឡើងសោយរាជ្យនៅស្រុកអ៊ីស្រាអែល។ ស្ដេចសោយរាជ្យបានពីរឆ្នាំ នៅក្រុងសាម៉ារី។
24 ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ គឺទ្រង់ពុំបានងាកចេញពីអំពើបាប ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។