២ ពង្សា‌វតារ‌ក្សត្រ 15:19-25 KHSV

19 គ្រា​នោះ ព្រះ‌ចៅ​ពូល ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​វាយ​លុក​ចូល​ស្រុក​អ៊ីស្រា‌អែល តែ​ព្រះ‌បាទ​មណា‌ហិម យក​ប្រាក់​មួយ​ពាន់​ហាប​ថ្វាយ​ព្រះ‌ចៅ​ពូល សូម​ឲ្យ​ស្ដេច​នោះ​ជួយ​ពង្រឹង​អំណាច​របស់​ខ្លួន។

20 ព្រះ‌បាទ​មណា‌ហិម​ទារ​ពន្ធ​ពី​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ គឺ​ម្នាក់ៗ​ត្រូវ​បង់​ពន្ធ​ហា‌សិប​ណែន ដើម្បី​ឲ្យ​បាន​ប្រាក់​យក​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី។ ដូច្នេះ ស្ដេច​អាស្ស៊ីរី​ក៏​ចាក​ចេញ​ពី​ស្រុក​អ៊ីស្រា‌អែល វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ។

21 រីឯ​រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​មណា‌ហិម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

22 កាល​ព្រះ‌បាទ​មណា‌ហិម​សោយ​ទិវង្គត ព្រះ‌បាទ​ពេកា‌ហ៊ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

23 នៅ​ឆ្នាំ​ទី​ហា‌សិប​នៃ​រជ្ជកាល​ព្រះ‌បាទ​អសា‌រា ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​ពេកា‌ហ៊ា ជា​បុត្រ​របស់​ព្រះ‌បាទ​មណា‌ហិម បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល។ ស្ដេច​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ នៅ​ក្រុង​សាម៉ារី។

24 ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ គឺ​ទ្រង់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។

25 លោក​ពេកា​ជា​កូន​របស់​លោក​រេម៉ា‌លា ហើយ​ជា​អង្គ​រក្ស​របស់​ស្ដេច បាន​ឃុប‌ឃិត​ជា​មួយ​លោក​អើកុប និង​លោក​អើរី‌យេ​ធ្វើ​គុត​ស្ដេច ក្នុង​ដំណាក់​មួយ​នៃ​រាជ‌វាំង នៅ​ក្រុង​សាម៉ារី។ ពេល​នោះ លោក​មាន​ពល​ទាហាន​ហា‌សិប​នាក់ ជា​អ្នក​ស្រុក​កាឡាដ ចូល​រួម​ជា​មួយ​ដែរ។ លោក​បាន​ធ្វើ​គុត​ព្រះ‌បាទ​ពេកា‌ហ៊ា ហើយ​ឡើង​សោយ​រាជ្យ​ជំនួស។