22 កាលព្រះបាទមណាហិមសោយទិវង្គត ព្រះបាទពេកាហ៊ា ជាបុត្រ បានឡើងស្នងរាជ្យ។
23 នៅឆ្នាំទីហាសិបនៃរជ្ជកាលព្រះបាទអសារា ស្ដេចស្រុកយូដា ព្រះបាទពេកាហ៊ា ជាបុត្ររបស់ព្រះបាទមណាហិម បានឡើងសោយរាជ្យនៅស្រុកអ៊ីស្រាអែល។ ស្ដេចសោយរាជ្យបានពីរឆ្នាំ នៅក្រុងសាម៉ារី។
24 ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ គឺទ្រង់ពុំបានងាកចេញពីអំពើបាប ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។
25 លោកពេកាជាកូនរបស់លោករេម៉ាលា ហើយជាអង្គរក្សរបស់ស្ដេច បានឃុបឃិតជាមួយលោកអើកុប និងលោកអើរីយេធ្វើគុតស្ដេច ក្នុងដំណាក់មួយនៃរាជវាំង នៅក្រុងសាម៉ារី។ ពេលនោះ លោកមានពលទាហានហាសិបនាក់ ជាអ្នកស្រុកកាឡាដ ចូលរួមជាមួយដែរ។ លោកបានធ្វើគុតព្រះបាទពេកាហ៊ា ហើយឡើងសោយរាជ្យជំនួស។
26 រីឯរាជកិច្ចផ្សេងៗរបស់ព្រះបាទពេកាហ៊ា និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
27 នៅឆ្នាំទីហាសិបពីរនៃរជ្ជកាលព្រះបាទអសារា ជាស្ដេចយូដា ព្រះបាទពេកា ជាកូនរបស់លោករេម៉ាលាបានឡើងសោយរាជ្យ នៅស្រុកអ៊ីស្រាអែល ទ្រង់សោយរាជ្យបានម្ភៃឆ្នាំ នៅក្រុងសាម៉ារី។
28 ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ គឺទ្រង់ពុំបានងាកចេញពីអំពើបាប ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។