២ ពង្សា‌វតារ‌ក្សត្រ 15:26-32 KHSV

26 រីឯ​រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​ពេកា‌ហ៊ា និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

27 នៅ​ឆ្នាំ​ទី​ហា‌សិប​ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​អសា‌រា ជា​ស្ដេច​យូដា ព្រះ‌បាទ​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា​បាន​ឡើង​សោយ​រាជ្យ នៅ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​សោយ​រាជ្យ​បាន​ម្ភៃ​ឆ្នាំ នៅ​ក្រុង​សាម៉ារី។

28 ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ គឺ​ទ្រង់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។

29 ក្នុង​រជ្ជកាល​ព្រះ‌បាទ​ពេកា ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌ចៅ​ទីក‌ឡាត-‌ពីលេ‌ស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​វាយ​ដណ្ដើម​យក​ទីក្រុង​អ៊ីយ៉ូន ក្រុង​អេបិល-‌បេត-‌មាកា ក្រុង​យ៉ា‌ណូ‌ហា ក្រុង​កេដេស ក្រុង​ហាសោរ ស្រុក​កាឡាដ ស្រុក​កាលី‌ឡេ និង​ស្រុក​ណែប‌ថាលី​ទាំង​មូល ព្រម​ទាំង​កៀរ​អ្នក​ស្រុក​នោះ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ីរី។

30 លោក​ហូស៊ា ជា​កូន​របស់​លោក​អេឡា បាន​ឃុប‌ឃិត​ក្បត់​នឹង​ព្រះ‌បាទ​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា លោក​ធ្វើ​គុត​ស្ដេច ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស នៅ​ឆ្នាំ​ទី​ម្ភៃ​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូថាម ជា​បុត្រ​របស់​ព្រះ‌បាទ​អសា‌រា ស្ដេច​ស្រុក​យូដា។

31 រីឯ​រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​ពេកា និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

32 នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​យ៉ូថាម ជា​បុត្រ​របស់​ព្រះ‌បាទ​អសា‌រា ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។