28 ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ គឺទ្រង់ពុំបានងាកចេញពីអំពើបាប ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។
29 ក្នុងរជ្ជកាលព្រះបាទពេកា ជាស្ដេចស្រុកអ៊ីស្រាអែល ព្រះចៅទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានវាយដណ្ដើមយកទីក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-មាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ ស្រុកកាឡាដ ស្រុកកាលីឡេ និងស្រុកណែបថាលីទាំងមូល ព្រមទាំងកៀរអ្នកស្រុកនោះយកទៅជាឈ្លើយនៅស្រុកអាស្ស៊ីរី។
30 លោកហូស៊ា ជាកូនរបស់លោកអេឡា បានឃុបឃិតក្បត់នឹងព្រះបាទពេកា ជាកូនរបស់លោករេម៉ាលា លោកធ្វើគុតស្ដេច ហើយឡើងសោយរាជ្យជំនួស នៅឆ្នាំទីម្ភៃនៃរជ្ជកាលព្រះបាទយ៉ូថាម ជាបុត្ររបស់ព្រះបាទអសារា ស្ដេចស្រុកយូដា។
31 រីឯរាជកិច្ចផ្សេងៗរបស់ព្រះបាទពេកា និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
32 នៅឆ្នាំទីពីរនៃរជ្ជកាលព្រះបាទពេកា ជាកូនរបស់លោករេម៉ាលា ជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទយ៉ូថាម ជាបុត្ររបស់ព្រះបាទអសារា ឡើងសោយរាជ្យលើស្រុកយូដា។
33 កាលព្រះបាទយ៉ូថាមឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុម្ភៃប្រាំវស្សា ហើយសោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា យេរូសា ជាកូនរបស់លោកសាដុក។
34 ស្ដេចប្រព្រឹត្តអំពើសុចរិតគ្រប់យ៉ាង ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទអសារាជាបិតាដែរ។